(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) បានបង្ហោះសារមួយនៅលើ Twitter នាយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថាគឺជាពេលវេលាដ៏ឱឡារិកដែលលោក ដូណាល់ ត្រាំ ត្រូវបានដំណើរការនីតិវិធីដកដំណែងចេញពីសេតវិមាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសារខាងលើដែលមានន័យដៀមដាមឱ្យលោក ត្រាំ លោក Biden បានលើកឡើងដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលោភអំណាចរបស់គាត់ រំលោភលើការស្បថចូលកាន់តំណែង និងក្បត់ប្រជាជាតិរបស់យើង។ នេះគឺពេលវេលាដ៏ឱឡារិក សម្រាប់ប្រទេសរបស់យើង តែនៅក្នុងសហរដ្ឋអាមេរិកគ្មាននរណាម្នាក់ អាចអង្គុយលើច្បាប់បានទេ ទោះបីជាគេជាប្រធានាធិបតីក៏ដោយ»។
គួរបញ្ជាក់ថា សភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័ត ហើយ លើការចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែងប្រឆាំងលោក ដូណាល់ ត្រាំ ដែលនេះបានធ្វើឱ្យ លោកក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានដំណើការនីតិវិធីដកតំណែង។
ក្រោយការជជែកដេញដោលជាង ៦ម៉ោង សភាតំណាងរាស្ត្របានបោះឆ្នោតអនុម័តលើមាត្រា ១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ ២៣០ ទល់នឹងសំឡេងប្រឆាំង ១៩៧។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថាបានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភា ត្រូវបានបោះឆ្នោតគាំទ្រអនុម័តក្នុងសំឡេងដូចគ្នា ២៣០ ទល់នឹង ១៩៧សំឡេង។
ប៉ុន្តែបន្ទាប់ពីការអនុម័តដោយសភាតំណាងរាស្ត្រអាមេរិករួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ ព្រោះបក្សរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា៕