(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលីនៅទីបំផុតបានសម្រេចចិត្ត ប្រកាសអាសន្នជាលើកទីពីរហើយ ដោយមានរយៈពេលសរុប ០៧ថ្ងៃគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍នេះតទៅ នៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales) ភាគខាងកើតប្រទេស ខណៈអាកាសធាតុក្តៅកំពុងតែដុតរោលបន្ថែម ទៅលើភ្លើងឆេះព្រៃនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
រយៈពេលជាច្រើនសប្តាហ៍មកនេះ ភ្លើងឆេះព្រៃប្រមាណជាង ១០០ទីតាំងបានវាយប្រហារ រដ្ឋ New South Wales ដែលស្ថិតនៅជុំវិញទីក្រុងស៊ីដនី ជាទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតនៅអូស្ត្រាលី ហើយក៏បានបង្កជាផ្សែពុលគ្របដណ្តប់ពាសពេញទីក្រុង និងតំបន់ជុំវិញជាច្រើនទៀតផងដែរ។ អាជ្ញាធរបានចេញការប្រកាសអាសន្នខាងលើនេះ ដើម្បីអនុញ្ញាតឲ្យមានការចាត់កម្លាំង ដើម្បីពន្លត់ភ្លើងឆេះព្រៃក្នុងទ្រង់ទ្រាយធំ និងបង្កើនការប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃភ្លើងឆេះព្រៃ។
បើតាមអភិបាលរដ្ឋ New South Wales លោកស្រី ក្លេឌីស ប៊ឺរែហ្ស៊ីលីយ៉ា (Gladys Berejiklian) បាននិយាយថា នេះជាការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាលើកទីពីរហើយ គិតចាប់តាំងពីភ្លើងឆេះព្រៃ បានកើនឡើងកាន់តែធ្ងន់ធ្ងរនៅក្នុងខែកញ្ញា។ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ផ្នែកឧតុនិយមអូស្ត្រាលីក៏ព្រមានផងដែរថា អាកាសធាតុអាចនឹងកើនឡើងកម្តៅ ដល់បំបែកកំណត់ត្រាថ្មីនោះគឺ ៤១អង្សាសេនៅទីក្រុងស៊ីដនី និង ៤៥អង្សាសេ នៅតំបន់ជាយភាគខាងត្បូងទីក្រុង៕