(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក ដែលកំពុងបែកបាក់គ្នាយ៉ាងជូរចត់នោះ បានចាប់ផ្តើមបើកការជជែកដេញដោលគ្នាហើយ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) មុនការបោះឆ្នោតដើម្បីដាក់ការចោទប្រកាន់ លើលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទរំលោភអំណាច និងរារាំងកិច្ចការសភា។ នេះបើតាមការចេញផ្សាយដោយ CNA នាយប់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ដំណើរការស្វែងរកចោទប្រកាន់ទៅលើលោក ដូណាល់ ត្រាំ ពីសភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅល្ងាចថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន) ហើយវានឹងបញ្ជូនទៅធ្វើការពិភាក្សា និងជំនុំជម្រះបន្តនៅព្រឹទ្ធសភា ដែលកំពុងគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋវិញ។ នេះជាដំណើរការមួយដ៏សំខាន់ ចំពោះមុខនីតិវិធីនៃការទម្លាក់ប្រធានាធិបតីចេញពីអំណាច។
គួរបញ្ជាក់ថា គណបក្សសាធាណរដ្ឋ ដែលមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភានោះ គឺត្រូវបានគេមើលឃើញថា ប្រាកដជានឹងមិនបោះឆ្នោតគាំទ្រការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាមេរិកទី ៤៥ នោះឡើយ។ នៅថ្ងៃពុធនេះលោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកមិនបានធ្វើអ្វីខុសសោះឡើយ ជុំវិញការចោទប្រកាន់ថា លោកបានដាក់គំនាបលើប្រធានាធិបតីអ៊ុយក្រែន និងរារាំងនីតិវិធីរបស់សភានោះ។
លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «តើអ្នកអាចជឿបានទេថា ខ្ញុំនឹងត្រូវបានចោទប្រកាន់ដើម្បីទម្លាក់ពីតំណែងនៅថ្ងៃនេះ ដោយក្រុមរ៉ាឌីកាល់ឆ្វេងនិយម... បក្សប្រជាធិបតេយ្យមិនអាចធ្វើអ្វីបានឡើយ ហើយក៏ខ្ញុំមិនបានធ្វើអ្វីខុសនោះដែរ! នេះជារឿងដ៏អាក្រក់! វាមិនគួរកើតមានលើប្រធានាធិបតីណាម្នាក់ទៀតឡើយ»។
គួរបញ្ជាក់ថា មាត្រាទាំងពីរនៅក្នុងដំណើរការចោទប្រកាន់លើលោក ដូណាល់ ត្រាំ គឺប្រាកដណាស់ថា នឹងត្រូវអនុម័តដោយសភាតំណាងរាស្ត្រ ដែលបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្រាប់។ ប៉ុន្តែបន្ទាប់ពីការអនុម័តរួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាដើម្បីបើកសវនាការ ដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ ព្រោះបក្សរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា៕