(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រោយការខកខានកាលពីម្សិលមិញ នៅថ្ងៃពុធនេះកែវយឺតអវកាសអឺរ៉ុប CHEOPS ដែលមានតួនាទីសិក្សាស្រាវជ្រាវអំពីភព ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាសហើយ។

២៖ អាជ្ញាធរការពារសត្វព្រៃនៅប្រទេសស្រីលង្កា នាថ្ងៃពុធនេះបានឲ្យដឹងថា គិតចាប់ពីខែមករា រហូតមកដល់ខែធ្នូ ឆ្នាំ២០១៩នេះ ហេតុការណ៍ប្រឈមមុខគ្នារវាងមនុស្ស និងសត្វដំរីបានបណ្តាលឲ្យមនុស្ស ១០០នាក់ស្លាប់ ខណៈខាងដំរីវិញគឺចំនួន ៣៦០ក្បាលត្រូវងាប់។

៣៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងធ្វើការបោះឆ្នោតលើមាត្រា ចំនួនពីរ ដែលព្រាងឡើងដោយគណៈកម្មាធិការយុត្តិធម៌ ស្ដីពីនីតិវិធីចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការរំលោភអំណាច និងបង្កឧបសគ្គដល់ការស៊ើបអង្កេតរបស់សភា ហើយការបោះឆ្នោតនេះទៀតសោត នឹងក្លាយជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

៤៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង និងប្រជាពលរដ្ឋចិនមានមោទនភាពជាខ្លាំង ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលទីក្រុងម៉ាកាវ សម្រេចបានក្នុងរយៈពេល ២០ឆ្នាំកន្លងមក។

៥៖ បុរសម្នាក់នៅប្រទេសជប៉ុន ត្រូវបានតុលាការផ្តន្ទាទោសនាថ្ងៃពុធនេះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតតែម្តង បន្ទាប់ពីជនរូបនោះ បានធ្វើសកម្មភាពចាក់វាយប្រហារនៅលើរថភ្លើងល្បឿនលឿនមួយខ្សែ កាលពីឆ្នាំ២០១៨ ដែលបានបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។

៦៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងធំៗជាច្រើន ក្នុងសហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យដក លោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក ខណៈសភាតំណាងរាស្ត្រ នឹងធ្វើការបោះឆ្នោតលើ នីតិវិធីចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែងលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕