(អឺរ៉ុប)៖ ក្រោយការខកខានកាលពីម្សិលមិញ នៅថ្ងៃពុធនេះកែវយឺតអវកាសអឺរ៉ុប CHEOPS ដែលមានតួនាទីសិក្សាស្រាវជ្រាវអំពីភព ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាសហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
កែវយឺតអវកាសខាងលើត្រូវបាននាំចេញផ្ទៃផែនដី តាមរយៈគ្រាប់រ៉ុក្កែត Soyuz របស់ប្រទេសរុស្ស៊ី រីឯការបាញ់បង្ហោះបានប្រព្រឹត្តទៅនៅតំបន់រដ្ឋបាលហ្គាណា (French Guiana) របស់ប្រទេសបារាំង ដែលស្ថិតនៅជាប់ភាគខាងជើងប្រទេសប្រេស៊ីល។ កែវយឺតអវកាសនេះ គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងប្រទេសចំនួន ១១ ដែលជាសមាជិកនៃទីភ្នាក់ងារអវកាសអឺរ៉ុប ESA ហើយក្នុងចំណោមនោះ ប្រទេសស្វីសជាអ្នកដឹកនាំ។ ដំបូងឡើយកែវយឺតអវកាសអឺរ៉ុបនេះ ត្រូវបានគ្រោងនឹងបញ្ជូនឡើងទីអវកាស កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក៏ប៉ុន្តែរ៉ុក្កែត Soyuz បានជួបបញ្ហា ដែលជាហេតុធ្វើឲ្យវាអាក់ខានទៅវិញ ហើយសល់តែប៉ុន្មាននាទីប៉ុណ្ណោះ គឺត្រូវចេញដំណើរទៅហើយ។
ខណៈកែវយឺតអវកាសដែលធំៗជាងវាដូចជា Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ជាដើមត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីធ្វើការងារបានច្រើនចម្រុះគ្នា កែវយឺតអវកាស CHEOPS នេះត្រូវបានផលិតឡើងជាពិសេស សម្រាប់ការសិក្សាអំពីអង្កត់ផ្ចិត និងម៉ាសរបស់ភពអេលៀន ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ តាមរយៈការទទួលបានព័ត៌មានទាំងនេះ ក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងអាចរកឃើញភពដែលមានលទ្ធភាពទ្រទ្រង់ទម្រង់ជីវិតបាន។
បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ ESA កែវយឺតអវកាស CHEOPS នឹងត្រូវស្ថិតនៅទីអវកាសកម្ពស់ ៧០០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយវានឹងចំណាយពេលយ៉ាងហោច ៣ឆ្នាំកន្លះ ដើម្បីប្រមូលទិន្នន័យជារៀងរាល់ថ្ងៃតែម្តង។ ទីភ្នាក់ងារអវកាសអឺរ៉ុបបានបញ្ជាក់ថា CHEOPS នឹងផ្តោតការឆ្លុះមើលជាសំខាន់ទៅលើប្រព័ន្ធផ្កាយនានា ដែលកន្លងមកត្រូវបានគេរកឃើញថា មានភពស្ថិតនៅទីនោះ។
គួរជម្រាបថា ទីភ្នាក់ងារអវកាសអាមេរិក NASA វិញក៏នឹងត្រូវបាញ់បង្ហោះកែវយឺតអវកាស-ផ្កាយរណបដ៏ធំមួយផងដែរ មានឈ្មោះថា James Webb Space Telescope នៅខែមីនា ឆ្នាំ២០២១។ កែវយឺតអវកាសនេះ មានសមត្ថភាពបំពេញការងារបានច្រើនយ៉ាង រួមមានទាំងការសំឡឹងមើលកាឡាក់ស៊ី ដែលមានអាយុកាលចំណាស់ៗខ្លាំងជាដើម៕