(កូឡុំបូ)៖ អាជ្ញាធរការពារសត្វព្រៃនៅប្រទេសស្រីលង្កា នាថ្ងៃពុធនេះបានឲ្យដឹងថា គិតចាប់ពីខែមករា រហូតមកដល់ខែធ្នូ ឆ្នាំ២០១៩នេះ ហេតុការណ៍ប្រឈមមុខគ្នារវាងមនុស្ស និងសត្វដំរីបានបណ្តាលឲ្យមនុស្ស ១០០នាក់ស្លាប់ ខណៈខាងដំរីវិញគឺចំនួន ៣៦០ក្បាលត្រូវងាប់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
អាជ្ញាធរការពារសត្វព្រៃស្រីលង្កា កំពុងសហការជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បីព្យាយាមកាត់បន្ថយបញ្ហាខាងលើ តាមរយៈការសាងសង់រនាំងបន្ថែមទៀត ដើម្បីហ៊ុមទ័ព្ធជុំវិញទីជម្រករបស់សត្វដំរី ដើម្បីបង្ការកុំឲ្យពួកវាទន្ទ្រានចូលមក តំបន់មនុស្សដែលរស់នៅ។ ជាមួយគ្នានេះដែរ វិធានការមួយចំនួនទៀតក៏ត្រូវបានដាក់ចេញ ដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់ ដែលបានកើនឡើងខ្ពស់ខ្លាំងក្នុងឆ្នាំ២០១៩ នេះផងដែរ។ ករណីមនុស្សបាត់បង់ជីវិត ដោយសារសត្វដំរីនៅស្រីលង្កា ដែលត្រូវគេរាយការណ៍ចុងក្រោយបំផុត គឺកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅពេលអាជ្ញាធរការពារសត្វព្រៃម្នាក់ ត្រូវបានសត្វដំរីសម្លាប់ពេលកំពុងបំពេញភារកិច្ច ក្នុងតំបន់ព្រៃអភិរក្សនៃក្រុងម៉ាថាល (Matale) ភាគខាងត្បូងប្រទេសស្រីលង្កា។
គួរជម្រាបថា រដ្ឋាភិបាលស្រីលង្កាក៏បានព្រមានពីចំណាត់ការច្បាប់តឹងរ៉ឹង ចំពោះជនណាដែលហ៊ានលួចចូលតំបន់ជម្រកសត្វដំរី ជាមួយចេតនាបង្កគ្រោះថ្នាក់ ឬសម្លាប់ពួកវា និងកំពុងតែបង្កើនការឃ្លាំមើលស្ថានការណ៍ជារួម។ ទោះការសម្លាប់សត្វដំរីព្រៃអាចត្រូវមានទោសប្រហារជីវិត នៅស្រីលង្កាក៏ដោយ ក៏នៅមានតែសេចក្តីរាយការណ៍អំពីអ្នកភូមិមួយចំនួន នាំគ្នាបំពុល ឬបាញ់សម្លាប់ពួកវា ដោយសារតែភ័យខ្លាចពួកវាអុកឡុក និងបង្កគ្រោះថ្នាក់។ យោងតាមតួលេខផ្លូវការ ចំនួនសត្វដំរីព្រៃនៅទូទាំងប្រទេសដីកោះមួយនេះ គឺមានប្រហែល ៧,៥០០ក្បាល៕