(តូក្យូ)៖ បុរសម្នាក់នៅប្រទេសជប៉ុន ត្រូវបានតុលាការផ្តន្ទាទោសនាថ្ងៃពុធនេះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតតែម្តង បន្ទាប់ពីជនរូបនោះបានធ្វើសកម្មភាពចាក់វាយប្រហារនៅលើរថភ្លើងល្បឿនលឿនមួយខ្សែ កាលពីឆ្នាំ២០១៨ ដែលបានបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ក្រុមព្រះរាជអាជ្ញាជប៉ុនបានទាមទារឲ្យតុលាការកាត់ទោសដាក់គុកមួយជីវិតលើ បុគ្គលឈ្មោះ Kojima Ichiro អាយុ២៣ឆ្នាំ។ យោងតាមការអះអាងរបស់ជននោះផ្ទាល់ មូលហេតុដែលបណ្តាលឲ្យរូបគេធ្វើសកម្មភាពចាក់មនុស្ស នៅលើរថភ្លើង Shinkasen ដែលមានគោលដៅធ្វើដំណើររវាងទីក្រុងតូក្យូនិងទីក្រុងអូសាកា គឺដោយសារតែគេមានភាពតានតឹងក្នុងចិត្តខ្លាំង នាពេលនោះ។ លោក Kojima ក៏បានស្វាគមន៍ចំពោះការផ្តន្ទាទោសរបស់តុលាការថែមទៀតផង។
គួរជម្រាបថា ដ្បិតប្រទេសជប៉ុននៅមានការអនុវត្តទោសប្រហារជីវិតក៏ដោយ ក្រុមព្រះរាជអាជ្ញាជប៉ុនពុំបានស្នើឲ្យតុលាការកាត់ទោសប្រហារជីវិតលើលោក Kojima ឡើយ។ ដោយឡែក សកម្មភាពវាយប្រហាររបស់ជនដៃដល់ បានធ្វើឲ្យស្រ្តីពីរនាក់ទទួលរងរបួស ចំណែកបុរសម្នាក់ឈ្មោះ Umeda Kotaro អាយុជាង៣០ឆ្នាំ បានស្លាប់ដោយសារព្យាយាមបញ្ឈប់សកម្មភាពវាយប្រហារនោះ៕