Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាតុករអាមេរិករាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាទាមទារឱ្យដកលោក ដូណាល់ ត្រាំ ចេញពីតំណែង (Video inside)

18-12-2019 14:20

(វ៉ាស៊ីនតោន)៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងធំៗជាច្រើន ក្នុងសហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យដក លោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក ខណៈសភាតំណាងរាស្ត្រ នឹងធ្វើការបោះឆ្នោតលើ នីតិវិធីចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែងលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

បាតុកម្មតវ៉ា ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអង្គារ ចាប់ពីទីក្រុង វ៉ាស៊ីនតោន ឌីស៊ី រហូតដល់ទីក្រុង ញូយ៉ក និងចាប់ពី ទីក្រុង St Paul នៃរដ្ឋ Minnesota ដល់ទីក្រុង Phoenix នៃរដ្ឋ Arizona ដោយក្រុមបាតុករទាមទារឱ្យមានការចោទប្រកាន់ ជាផ្លូវការ និងទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង សម្រាប់ការរំលោភអំណាច ព្រមទាំងបង្កឧបសគ្គដល់ ការស៊ើបអង្កេត របស់សភាអាមេរិក។

ក្រៅតែពីការស្រែកទាមទារ និងប្រឆាំងលោក ត្រាំ ក្រុមបាតុករមួយចំនួន ក៏បានសរសេរផងដែរនូវឃ្លាជាភាសាអង់គ្លេស នៅលើក្រដាសកាតុង ដែលមានន័យជាភាសាខ្មែរថា៖ «គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ, អាមេរិកមិនត្រូវ ការសេ្ដចឡើយ និងចាកចេញពីសេតវិមានរបស់យើង»

គួរជម្រាបថា សភាតំណាងរាស្ត្រអាមេរិក នឹងធ្វើការបោះឆ្នោតលើមាត្រាចំនួន២ នៃនីតិវិធីចោទប្រកាន់លោក ដូណាល់ ត្រាំ ថាបានរំលោភអំណាច និងបង្កឧបសគ្គដល់ការស៊ើបអង្កេតរបស់សភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈមានការ រំពឹងជាច្រើនថាមាត្រាទំាងពីរនេះនឹងត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សប្រជាធិបតេយ្យ។ បើសិនជាមាត្រាទាំង២ ត្រូវបានអនុម័តមែន នោះវានឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីធ្វើការបោះឆ្នោតសម្រេចជាចុងក្រោយ ថាតើគួរតែបណ្ដេញលោក ត្រាំ ចេញពីសេតវិមាន ឬក៏យ៉ាងណា។

លោក ដូណាល់ ត្រាំ ត្រូវបានគណបក្សប្រធិបតេយ្យ ចោទប្រកាន់ថាបានរំលោភអំណាច តាមរយៈការដាក់សម្ពាធឱ្យ អ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក Joe Biden និងកូនប្រុស។ តែដោយសារ លោក Biden គឺជាមនុស្សម្នាក់ដែលគេរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីដ៏មានសក្ដានុពលម្នាក់ នៃបក្សប្រជាធិបតេយ្យ សម្រាប់ ការបោះឆ្នោតឆ្នាំ២០២០ ទើបលោក ត្រាំ ត្រូវគេចោទថាបានស្នើឱ្យបរទេសដូចជាអ៊ុយក្រែន លូកដៃចូលក្នុងកិច្ចការ បោះឆ្នោតអាមេរិក។ តែទោះជាយ៉ាងនេះក្ដី លោក ដូណាល់ ត្រាំ ផ្ទាល់បានទាត់ចោលការចោទប្រកាន់ទាំងនេះ និងបាន ហៅនីតិវិធីប្រឆាំងនឹងរូបលោក ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕