(អាមេរិក)៖ អ្នកស្រាវជ្រាវបានអះអាងថា រណ្តៅកប់សាកសពដ៏ធំមួយ ដែលបន្សល់ទុកកាលពីកំឡុងព្រឹត្តិការណ៍សម្លាប់រង្គាលធូលសា (Tulsa Massacre) ជាពេលជនជាតិស្បែកសរស់នៅក្នុងក្រុង Tulsa នៃរដ្ឋអូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក បានព្រួតគ្នាប្រើអំពើហិង្សាយ៉ាងកម្រោល ទៅលើក្រុមជនជាតិស្បែកខ្មៅដែលរស់នៅទីនោះ ទើបត្រូវបានរកឃើញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
កំឡុងការធ្វើកុបកម្មរបស់ក្រុមជនជាតិស្បែកស ដែលកើតឡើងកាលពីឆ្នាំ១៩២១ នៅសង្កាត់ ហ្គ្រីនវូដ (Greenwood) នៃក្រុង Tulsa រដ្ឋ Oklahoma ជនជាតិស្បែកខ្មៅប្រហែលចន្លោះពី ៣៦នាក់-៣០០នាក់បានបាត់បង់ជីវិត។ ខណៈបុរសស្បែកខ្មៅត្រឹមតែ ៣៩នាក់ប៉ុណ្ណោះដែលអាជ្ញាធររដ្ឋ Oklahoma បានទទួលស្គាល់កាលពីឆ្នាំ២០០១ ថាបានស្លាប់នោះ មានពាក្យចចាមអារ៉ាមថា ជនជាតិស្បែកខ្មៅជាច្រើននាក់ទៀត ត្រូវបានគេកប់ចោលនៅតាមរណ្តៅធំៗ ដោយសារអាជ្ញាធរព្យាយាមបិទបាំងនូវសកម្មភាពហិង្សាដ៏អាក្រក់ ដែលបានកើតចេញពីការរើសអើង ជាតិសាសន៍-ពណ៌សម្បុរនេះ។
ជុំវិញបញ្ហាខាងលើ លោក ស្កតត៍ ហាំមើស្ទេដ (Scott Hammerstedt) ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oklahoma University បានឲ្យដឹងថា ក្រុមការងាររបស់លោកបានធ្វើការអង្កេត លើទីតាំងចំនួនពីរនៅក្រុង Tulsa ហើយក៏បានរកឃើញកន្លែងមួយដែលពួកគេជឿជាក់ថា ទំនងជារណ្តៅក្រោមដីមានទំហំធំល្មមគ្រប់គ្រាន់ សម្រាប់ផ្ទុកសាកសពបានរហូតដល់ ១០០នាក់។
គួរជម្រាបថា បើតាមលោក Hammerstedt រណ្តៅនោះច្បាស់ជាទាក់ទងជាមួយព្រឹត្តិការណ៍ Tulsa Massacre។ ឥឡូវក្រុមអ្នកស្រាវជ្រាវនេះ កំពុងគ្រោងបន្តការអង្កេតបន្ថែមទៀត ដោយសង្ឃឹមថា នឹងអាចឈានដល់ការជីករណ្តៅនោះ ដើម្បីពិនិត្យមើលជាក់ស្តែង៕