(វ៉ាស៊ីនតោន)៖ ឧត្ដមសេនីយនៃកងទ័ពអាកាសអាមេរិក លោក ឆាឡេស ប្រោន (Charles Brown) បាននិយាយថា កាដូបុណ្យណូអែលដែលកូរ៉េខាងជើង អាចនឹងផ្ញើជូនសហរដ្ឋអាមេរិកទំនងជា «ការធ្វើតេស្ដមីស៊ីលអន្តរទ្វីប ICBM» ខណៈសង្រ្គាមពាក្យសម្ដីគំរាមកំហែងដាក់គ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងចាប់ផ្ដើមកម្រើកឡើងវិញជាថ្មី។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
លោក Charles Brown ដែលជាមេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានធ្វើការសន្ឋិដ្ឋានដូចខាងលើ កំឡុងកិច្ចពិភាក្សាតុមូលមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមអ្នកជំនាញជាច្រើនអះអាងដូចៗគ្នាថា ទីក្រុងព្យុងយ៉ាងនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ក្រោយរបបដឹកនាំលោក គីម ជុងអ៊ុន ធ្វើតេស្ដអាវុធចំនួនពីរលើក នៅឯទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរយៈចំងាយឆ្ងាយ សូហេ (Sohae) ក្នុងខែធ្នូនេះ។
ក្នុងកិច្ចប្រជុំតុមូលនោះលោក Brown បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំរំពឹងនោះ គឺកូរ៉េខាងជើងអាចនឹងធ្វើតេស្ដមីស៊ីលរយៈចំងាយឆ្ងាយ ជាកាដូសម្រាប់ថ្ងៃបុណ្យណូអែល... តែបញ្ហានៅត្រង់ថា តើពួកគេនឹងធ្វើតេស្ដកំឡុងរដូវកាលបុណ្យណូអែល ឬចំថ្ងៃបុណ្យណូអែល ឬក៏នៅក្រោយថ្ងៃចូលឆ្នាំសកល»។
គួរបញ្ជាក់ថា បើតាមលោក Charles Brown យោធាអាមេរិកកំពុងត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងរាល់សកម្មភាពបង្ករឿងពីកូរ៉េខាងជើង តាមរយៈការពិនិត្យមើលឡើងវិញ នូវជម្រើសប្រើប្រាស់កម្លាំងយោធាកាលពីឆ្នាំ២០១៧ របស់លោក ដូណាល់ ត្រាំ បើសិនជាកូរ៉េខាងជើងបង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន។ មិនតែប៉ុណ្ណោះឧត្ដមសេនីយរូបនេះក៏មិនបានបដិសេធដែរ ចំពោះការប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក B-1 ឬ B-2 ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើង៕