(ឡុងដ៍)៖ ក្រោយលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) រៀបចំគណៈរដ្ឋមន្ត្រីរួចរាល់ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃអង្គារសប្ដាហ៍នេះបានអះអាងថា ខ្លួននឹងអនុម័តច្បាប់ដែលមានគោលដៅដោះស្រាយ និងទប់ស្កាត់បញ្ហានានាកុំឱ្យកើតឡើង កំឡុងរយៈពេលអន្តរកាល ក្រោយចាកចេញពីសហភាពអឺរ៉ុប ឬ post-Brexit ដោយមិនឱ្យលើសពីឆ្នាំ២០២០ ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
រយៈពេលអន្តរកាលក្រោយចាកចេញពីសហភាពអឺរ៉ុប នឹងមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយក្នុងអំឡុងពេលនេះ ទីក្រុងឡុងដ៏ និងទីក្រុងព្រុចសែល សង្ឃឹមថាពួកគេនឹងបើកកិច្ចចរចាថ្មីមួយ លើភាពជាដៃគូសេដ្ឋកិច្ច និងសន្តិសុខ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់ជាង ៤៦ឆ្នាំមកនេះ។ អង់គ្លេសមានជម្រើសសុំពន្យារពេល រយៈពេលអន្តរកាលនេះ ប៉ុន្តែលោក Boris Johnson បានចេញមុខបញ្ជាក់ទុកជាមុនថា រយៈពេលអន្តរកាលមិនអាចលើសពីឆ្នាំ២០២០ នោះទេ។
គួរជម្រាបថា ក្រោយទទួលបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី Boris Johnson បានសន្យាជាថ្មីថា លោកនឹងនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ តាមការគ្រោងទុក។ ប្រទេសនៅប្លុកអឺរ៉ុបកំពុងព្រួយបារម្ភពីការប្រកួត ប្រជែងខាងសេដ្ឋកិច្ចជាមួយអង់គ្លេស ព្រោះសហរដ្ឋអាមេរិក បានសន្យារួចទៅហើយថា នឹងផ្តល់កាដូជាច្រើនដល់អង់គ្លេស ពេលចក្រភពនេះលែងលះពីសហភាពអឺរ៉ុបជាស្ថាពរ៕