(វ៉ាស៊ីនតោន)៖ ចំពោះមុខយុទ្ធនាការស្វែងរកការទម្លាក់តំណែងប្រធានាធិបតី ដែលកាន់តែដំណើរការទៅមុខជាលំដាប់នោះ លោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រធានសភាតំណាងរាស្ត្រអាមេរិក គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី ថាមានចេតនាធ្វើរដ្ឋប្រហារ ដែលជាទង្វើកាឡៃ ឬបំផ្លាញលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងលិខិតប្រកបដោយកំហឹងក្រេវក្រោធចំនួន ០៦ទំព័រដែលលោក ដូណាល់ ត្រាំ បានផ្ញើទៅកាន់លោកស្រី ណាន់ស៊ី ផេឡូស៊ី លោកបានសរសេរនូវពាក្យមួយឃ្លាថា «ប្រវត្តិសាស្ត្រនឹងកាត់សេចក្តីអ្នកយ៉ាងសាហាវបំផុត»។ អ្នកវិភាគបានមើលឃើញថា ពេលនេះសភាតំណាងរាស្ត្រអាមេរិក កាន់តែបង្ហាញភាពប្រេះស្រាំនឹងគ្នាខ្លាំងឡើងៗហើយ រវាងតំណាងរាស្ត្រសំឡេងភាគច្រើន នៃគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងសភា និងតំណាងរាស្ត្រសំឡេងភាគតិច នៃគណបក្សសាធារណរដ្ឋ ខណៈការបោះឆ្នោត ដើម្បីសម្រេចលើការទម្លាក់តំណែងប្រធានាធិបតី នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ទោះបីជាដំណើរការនៃនីតិវិធី ដើម្បីទម្លាក់ប្រធានាធិបតីពីអំណាចនេះ មិនដែលទទួលបានសម្រេច ឬនឹងមិនអាចទទួលបានជោគជ័យក៏ដោយ ក៏វានឹងបង្កផលប៉ះពាល់ជាខ្លាំងដល់លោក ដូណាល់ ត្រាំ ចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះហើយ។
ដើមហេតុធំបំផុត ដែលនាំឲ្យលោក ដូណាល់ ត្រាំ ធ្លាក់ចូលក្នុងបញ្ហានេះ គឺការចោទប្រកាន់ពីសំណាក់គណបក្ស ប្រធានាធិបតេយ្យថា លោក ត្រាំ បានដាក់គំនាបលើប្រធានាធិបតីអ៊ុយក្រែន បើកការស៊ើបអង្កេតលើ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងកូនប្រុស ពាក់ព័ន្ធរឿងពុករលួយ ហើយដែលការធ្វើបែបនេះ ត្រូវបានក្រុមតំណាងរាស្ត្រអាមេរិកចាត់ទុកថា ជាការស្នើឲ្យបរទេសលូកលាន់កិច្ចការផ្ទៃក្នុងជាតិ ឬស្មើនឹងក្បត់ជាតិ៕