(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែលស្ពើរ (Mark Esper) បានបញ្ជាក់នៅថ្ងៃចន្ទសប្ដាហ៍នេះថា កូរ៉េខាងជើងទំនងជាអាចនឹងដឹកនាំការធ្វើតេស្ដមួយ បើសិនជាពួកគេមិនសប្បាយចិត្ត ស្របពេលមានការព្រួយបារម្ភថា ប្រទេសទាំងពីរអាចនឹងត្រឡប់ ទៅរកស្ថានភាពតានតឹងខ្លាំងដូចកាលពីឆ្នាំ២០១៧។
២៖ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាល ទីក្រុងហាណូយ មានសង្ឃឹមថាចិនអាចនឹងមានការអត់ធ្មត់ច្រើន ជុំវិញជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង នៅពេលដែលវៀតណាមឡើងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២០។
៣៖ វិទ្យាសា្ថនស្រាវជ្រាវនៅប្រទេសន័រវែសបានប្រទះឃើញ ការជ្រាបនៃសារធាតុវិទ្យុសកម្មចេញពីនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបានលិចកាលពី ៣០ឆ្នាំមុននៅក្បែរប្រទេសន័រវែស។
៤៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA កំពុងត្រៀមបាញ់បង្ហោះ កែវយឺតអវកាសមួយគ្រឿងឈ្មោះថា ឆេអូបស៍ (CHEOPS ឬ Characterising Exoplanets Satellite) នាថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីឲ្យវាសិក្សាពីភពដែលនៅឆ្ងាយៗ ស្ថិតនៅប្រទេសផ្កាយដទៃពីយើង។
៥៖ កងទ័ពមកពីប្រទេសរុស្ស៊ី និងឥណ្ឌាបានបង្ហាញសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ កំឡុងធ្វើសមយុទ្ធយោធារួមគ្នាមួយឈ្មោះ អ៊ីនដ្រាន ២០១៩ (Indra-2019) ក្នុងរដ្ឋយូតតាប្រាដែស (Uttar Pradesh) ប្រទេសឥណ្ឌា។
៦៖ កម្មកររ៉ែ ១៤នាក់បានស្លាប់ និង ០២នាក់ផ្សេងទៀតកំពុងជាប់គាំងនៅក្រោមដី បន្ទាប់ពីមានហេតុការណ៍ផ្ទុះអណ្តូងរ៉ែ ធ្យូងថ្ម និងឧស្ម័នកើតឡើងនៅថ្ងៃអង្គារនេះ នៅតំបន់រុករករ៉ែមួយកន្លែងក្នុងខេត្តគួយចូវ (Guizhou) នៃភាគនិរតីប្រទេសចិន៕