(ន័រវែស)៖ វិទ្យាសា្ថនស្រាវជ្រាវនៅប្រទេសន័រវែសបានប្រទះឃើញ ការជ្រាបនៃសារធាតុវិទ្យុសកម្ម ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបានលិចកាលពី ៣០ឆ្នាំមុននៅក្បែរប្រទេសន័រវែស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងឆ្នាំនេះវិទ្យាស្ថានស្រាវជ្រាវដែនសមុទ្រ IMR និងទីភ្នាក់ងារសុវត្ថិភាពសារធាតុវិទ្យុសកម្ម និងថាមពលនុយក្លេអ៊ែរ DSA របស់ន័រវែស បានធ្វើការស្រាវជ្រាវដោយផ្ទាល់ជាលើកដំបូង លើខ្មោចនាវាមុជទឹកសូវៀតមួយគ្រឿងឈ្មោះ ខុមសូម៉ូឡេតស៍ (Komsomolets) ដែលបានលិចនៅភាគនិរតីក្បែរកោះខ្លាឃ្មុំ (Bear Island) កាលពី ០៣ទសវត្សរ៍កន្លងទៅ។ លទ្ធផលស្រាវជ្រាវ តាមរយៈការប្រើប្រាស់យានរ៉ូបូតមុជទឹកឲ្យទៅប្រមូល គំរូតាងក្បែរតំបន់ដែលនាវាមុជទឹកនោះលិចបានបង្ហាញថា វាកំពុងតែបញ្ចេញសារធាតុវិទ្យុកម្មមកខាងក្រៅ។
ទោះជាបែបនេះក្តី ការបញ្ចេញសារធាតុវិទ្យុសកម្មខាងលើ ពុំបង្កគ្រោះថ្នាក់គួរឲ្យបារម្ភសម្រាប់សកម្មភាពនេសាទ នៅសមុទ្រន័រវែស ឬមួយក៏នៅសមុទ្របារែនឡើយ ព្រោះថាទីមួយគឺមិនមានសត្វត្រីរស់នៅច្រើន ក្នុងជម្រៅដល់ទៅ ១,៧០០ម៉ែត្រទេ ហើយទីពីរដោយសារម៉ាសដ៏ច្រើនរបស់ទឹករួមជាមួយ ចរន្តទឹកនៅក្រោមផ្ទៃសមុទ្រជ្រៅៗ នឹងជួយធ្វើឲ្យសារធាតុវិទ្យុកម្មទាំងនោះមិនសូវមានឥទ្ធិពល។
គួរជម្រាបថា នាវាមុជទឹកសូវៀត Komsomolets បានឆេះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៨៩ ភាគនិរតីនៃកោះខ្លាឃ្មុំ (Bear Island) ក្នុងតំបន់សមុទ្រន័រវែស។ បច្ចុប្បន្នខ្មោចនាវាមុជទឹក Komsomolets កំពុងស្ថិតនៅជម្រៅ ១,៧០០ម៉ែត្រក្រោមផ្ទៃសមុទ្រ ជាមួយមីស៊ីលរត់ក្រោមផ្ទៃទឹកចំនួន ០២គ្រាប់ និងរ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ដែលត្រូវបានបញ្ឈប់ដំណើរការទាន់ពេលវេលា ក្រោយមានគ្រោះអគ្គីភ័យនោះ ប៉ុន្តែនាវិកសូវៀតចំនួន ៤២នាក់បានបាត់បង់ជីវិត៕