(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូ ចេអ៊ីន បានប្រកាសតែងតាំងអតីតប្រធានសភា ឬគ្រប់គ្នានិយមហើយថា «បុរសនៃស្នាមញញឹម» ធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់នាយករដ្ឋមន្ត្រីមុនបានទទួលរងការរិះគន់ អំពីរឿងអាស្រូវជាច្រើន ដែលបានបង្កឲ្យមានការតវ៉ាផ្ទុះឡើងយ៉ាងខ្លាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោក ជុង សេគ្យុន (Chung Sye-kyun) គឺជាសមាជិកសភាអស់ ៦អាណត្តិមកហើយ និងក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មផងដែរ។ កិត្តិនាមរបស់លោក ជុង បានល្បីរន្ទឺខ្លាំងរាប់ទសវត្សរ៍មកហើយ ជាពិសេសនោះគឺការជាប់ឆ្នោតជាសមាជិកសភា មកជាច្រើនអាណត្តិ រហូតលោកបានក្លាយជាប្រធានរដ្ឋសភាតែម្តង។ ក្រុមអ្នកសារព័ត៌មានកូរ៉េខាងត្បូង តែងតែហៅលោក ជុង ថា «Mr Smile» ឬបុរសពោពេញដោយស្នាមញញឹម ដែលគ្រប់គ្នាចូលចិត្ត។
គួរបញ្ជាក់ថា ជុំវិញការតែងតាំងលោក ជុង សេគ្យុន ជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថ្មីនេះ លោក មូ ចេអ៊ីន បានបកស្រាយថា លោក ជុង តែងតែដើរតាមគន្លងនយោបាយ ប្រកបដោយ ការត្រិះរិះពិចារណា និងតែងទទួលស្តាប់រាល់គ្រប់មតិយោបល់ ដើម្បីធ្វើការសម្រេចចិត្តនានា ទៅតាមបុគ្គលិកលក្ខណៈបែបសុភាពរាបសារបស់លោក៕
មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ជា លីសែ ថតរូបជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនាពេលកន្លងទៅ