(សិង្ហបុរី)៖ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាល ទីក្រុងហាណូយ មានសង្ឃឹមថាចិនអាចនឹងមានការអត់ធ្មត់ច្រើន ជុំវិញជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង នៅពេលដែលវៀតណាមឡើងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោក Nguyen Quoc Dung ធ្វើការកត់សម្គាល់បែបនេះ កំឡុងធ្វើបាឋកថាមួយនៅឯវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (Institute of Southeast Asian Studies) នៅប្រទេសសិង្ហបុរី។ ថ្លែងនាឱកាសនោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសង្ឃឹមថានៅពេលវៀតណាមឡើងធ្វើជាប្រធានប្ដូរវេនអាស៊ាន ចិននឹងបង្ហាញ ការអត់ធ្មត់ច្រើន ហើយនឹងបញ្ឈប់សកម្មភាពរុករកប្រេង នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់យើង នៅឯសមុទ្រចិន ខាងត្បូង ដែលជាទង្វើរំលោភបំពានលើដែនអធិបតេយ្យភាពរបស់យើង»។
គួរបញ្ជាក់ថា វៀតណាម ដែលជាភាគីជម្លោះ និងជាប្រទេសដែលចេញមុខប្រឆាំងខ្លាំងជាងគេជាមួយចិន ក្នុងជម្លោះ ដែនទឹកនៅសមុទ្រចិនខាងត្បូង នឹងត្រូវឡើងធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២០ ខាងមុខនេះ។ តំបន់សមុទ្រ ចិនខាងត្បូង ត្រូវបានអ្នកជំនាញវាយតម្លៃថាសម្បូរទៅដោយធនធានឧស្ម័ន និងប្រេង ព្រមទាំងមានលំហូរពាណិជ្ជកម្ម ៣ទ្រីលានដុល្លារ ឆ្លងកាត់ក្នុងមួយឆ្នាំៗ ហើយក្រៅតែពីចិន និងវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រ៊ុយណេ ក៏បានទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួន ក្នុងដែនទឹកជម្លោះនេះដែរ៕