(ស៊ីដនី)៖ បុរស២នាក់ដែលជាបងប្អូននឹងគ្នា ត្រូវបានតុលាការនៅប្រទេសអូស្រ្តាលីសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ក្នុងរយៈពេលបើ សរុប ចូលគ្នាគឺ ៧៦ឆ្នាំ ពីបទរៀបគម្រោងប៉ុនប៉ងបំផ្ទុះគ្រាប់បែកលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethihad Airways ដែលមានជើងហោះហើរ ចេញពី ទីក្រុងស៊ីដនីឆ្ពោះទៅទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាត់អារ៉ាប់រ៉ួម កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅ រសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
នាថ្ងៃអង្គារនេះ តុលារការកំពូលអូស្រ្តាលីនៅរដ្ឋ New South Wales បានផ្តន្ទាទោសជនឈ្មោះ Khaled Khayat ឲ្យជាប់ពន្ធនាគាររយៈពេល ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះ Mahmoud Khayat ឲ្យជាប់ពន្ធនាគាររយៈពេល៣៦ឆ្នាំ។ បងប្អូនទាំងពីរនាក់នេះ ត្រូវបានតុលាការអូស្រ្តាលីរក ឃើញថា ពិតជាមានទោសពីបទរៀបចំផែនការធ្វើសកម្មភាពវាយប្រហារភេរវកម្ម តាមរយៈការផ្ទុះគ្រាប់បែក និងការប្រើឧស្ម័នគីមីនៅលើ ជើងហោះហើររបស់អាកាសចរណ៍ខាងលើ កាលពីខែកក្កដា ឆ្នាំ២០១៧ ប៉ុន្តែគម្រោងទាំងនោះត្រូវបានបោះបង់ចោលវិញ។
គួរជម្រាបថា បន្ទាប់មក ក្រោយមានការស៊ើបអង្កេត ជន Khaled Khayat និង Mahmoud Khayat ក៏ត្រូវបានចាប់ខ្លួនកំឡុងប្រតិបត្តិការសម្រុកឆែកឆេររបស់ប៉ូលិសអូស្រ្តាលី ដែល ធ្វើឡើងនៅទីក្រុងស៊ីដនី។ យោងតាមប៉ូលិសអូស្រ្តាលី គ្រឿងផ្ទុះគុណភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រាប់បែក ត្រូវបាននាំចូលមកពីតួកគី ហើយផែនការរបស់ពួកគេពាក់ព័ន្ធជាមួយក្រុមភេរវករ ISIS៕