(ម៉ូស្គ)៖ កងទ័ពមកពីប្រទេសរុស្ស៊ី និងឥណ្ឌាបានបង្ហាញសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ កំឡុងធ្វើសមយុទ្ធយោធារួមគ្នាមួយឈ្មោះ អ៊ីនដ្រាន ២០១៩ (Indra-2019) ក្នុងរដ្ឋយូតតាប្រាដែស (Uttar Pradesh) ប្រទេសឥណ្ឌា។ នេះបើតាមប្រភពពីអ្នកនាំពាក្យយោធារុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោក នីខូឡៃ វូករ៉េសិនស្កាយ (Nikolai Voskresensky) អ្នកនាំពាក្យកងកម្លាំងរុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធា Indra-2019 នៅឯមូលដ្ឋានទ័ពបាប៊ិន (Babin) ក្នុងរដ្ឋ Uttar Pradesh យោធារុស្ស៊ី និងឥណ្ឌា យើងបានបង្ហាញសព្វាវុធជាច្រើនដែលត្រូវបានប្រើប្រាស់ដោយ កងកម្លាំងនៃប្រទេសទាំងពីរ»។ លោកបន្ថែមទៀតថា អាវុធផ្សេងៗគ្នាចំនួន ៣០ប្រភេទ បានបង្ហាញខ្លួនក្នុងសមយុទ្ធយោធានេះ ក្នុងនោះរួមទាំងកាំភ្លើងរុស្ស៊ី កាឡាសនីកូវ (Kalashnikov), កាំភ្លើង sniper និងមីស៊ីលប្រឆាំងរថក្រោះជាដើម។
គួរជម្រាបថា សមយុទ្ធយោធា Indra-2019 បានចាប់ផ្ដើមប្រព្រឹត្តទៅនៅក្នុងរដ្ឋចំនួនបី នៃប្រទេសឥណ្ឌានៅក្នុងខែធ្នូ នេះដោយមានកងទ័ពរុស្ស៊ី ៧០០នាក់ចូលរួម ហើយសមយុទ្ធយោធានេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែធ្នូដដែល៕