Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពជើងទឹករុស្ស៊ី និងស៊ីរីធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ (Video inside)

17-12-2019 11:11

(ម៉ូស្គូ)៖ យោធារុស្ស៊ីបានឲ្យដឹងថា កងទ័ពជើងទឹករបស់រុស្ស៊ី និងស៊ីរីនាថ្ងៃអង្គារនេះ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាហើយ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ ចំពោះមុខភាពតានតឹងផ្សេងទៀត នៅក្រោយសង្គ្រាមស្ងប់ស្ងាត់បន្តិច។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

មេបញ្ជាការទ័ពជើងទឹករុស្ស៊ី លោក អេឡិចហ្សានដឺ យូលដាហ្សេវ (Alexander Yuldashev) ដែលកំពុងចូលរួមដឹកនាំលំហាត់យោធាខាងលើបានប្រាប់ថា ក្បួននាវារបស់យោធាជើងទឹករុស្ស៊ី និងស៊ីរីដែលស្ថិតនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ កំពុងតែធ្វើការហ្វឹកហ្វឺនរួមគ្នា ខណៈនៅលើឆ្នេរវិញ កងទ័ពនៃប្រទេសទាំងពីរកំពុងរួមគ្នាហ្វឹកហ្វឹនជំនាញ ដើម្បីទប់ទល់ជាមួយយន្តហោះដ្រូន និងប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធខុសច្បាប់ ព្រមទាំងដើម្បីការពារការវាយប្រហារ លើមូលដ្ឋានយោធានៅកំពង់ផែតាទូស (Tartus) ផងដែរ។

បើតាមលោក Yuldashev សមយុទ្ធទាំងនេះត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង កងទ័ពរុស្ស៊ីនិងស៊ីរី ដែលនឹងជួយសម្រួលដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ។

គួរជម្រាបថា កងយន្តហោះចម្បាំងរុស្ស៊ីមកពីបន្ទាយទ័ពអាកាស ហាមៃមីម (Hmeimim) នៅក្នុងប្រទេសស៊ីរី ក៏មកចូលរួមក្នុងការធ្វើសមយុទ្ធនេះដែរ។ រីឯមូលដ្ឋាន Tartus របស់រុស្ស៊ី ដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី ដែលឈរជើងនៅប្រទេសស៊ីរី៕