(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ស្របពេលដែលសង្រ្គាមពាក្យសម្ដីរវាងប្រទេសទាំង ២ បានចាប់ផ្ដើមកម្រើកឡើងវិញជាថ្មី និងអាចឈានទៅរកស្ថានភាពធ្ងន់ធ្ងរវិញក៏ថាបានដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាននាថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នៅពេលត្រូវបានសាកសួរ អំពីស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើង លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងខកចិត្តជាខ្លាំង បើសិនជាស្ថានភាពដូចសព្វថ្ងៃ បន្តកើតឡើងនៅកូរ៉េខាងជើង... ប៉ុន្តែយើងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ លើសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្ដដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណប Sohae កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ ហើយយោធាកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្ដនេះគឺជាការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់សហរដ្ឋអាមេរិក៕