(បាងកក)៖ ១៥ឆ្នាំ បន្ទាប់ពីមានគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ដែលបានផ្ដាច់ជីវិត មនុស្សច្រើនជាង ២៣០,០០០នាក់ រហូតមកទល់នឹងពេលនេះ អាជ្ញាធរថៃនៅតែមិនទាន់អាចបញ្ជាក់អត្តសញ្ញាណ ជនរងគ្រោះរាប់រយនាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ គ្រោះមហន្តរាយរលកយក្សស៊ូណាមិ បង្កឡើងគ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ បានសម្លាប់ជីវិតមនុស្សច្រើនជាង ២៣០,០០០នាក់ ដោយរលកសមុទ្រមានកម្ពស់ដល់ទៅ ១៧.៤ម៉ែត្រ បានវាយប្រហារលើប្រទេសជាច្រើននៅក្នុងតំបន់ រួមទាំងថៃផងដែរ។ នៅក្នុងប្រទេសថៃមនុស្សជាង ៥,០០០នាក់ បានស្លាប់ រីឯក្រុមអ្នកជំនាញថៃ និងបរទេសមកពី៣០ប្រទេស អាចបញ្ជាក់អត្ដសញ្ញាណ ជនរងគ្រោះច្រើនជាង ៣,៦០០នាក់ប៉ុណ្ណោះ។
ដោយឡែក ជុំវិញបញ្ហានេះដែរ លោក Khemmarin Hassini ជាបញ្ជាការរងប៉ូលិស នៃស្រុក Takua Pa ដែលជា តំបន់មួយរងគ្រោះដោយសាររលកយក្សស៊ូណាមិ បានឱ្យដឹងថានៅមានជនរងគ្រោះរាប់រយនាក់ទៀតមិនទាន់ ត្រូវបានកំណត់អត្តសញ្ញាណ។ លោក Hassini បានលើកឡើងដូច្នេះថា៖ «នៅមានសាច់ញាតិជាច្រើន ទាំងជិត ទាំងឆ្ងាយ ដែលនៅតែបន្តរង់ចាំ និងស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេដែលបានបាត់បង់ជីវិត»។
គួរបញ្ជាក់ថា យោងតាមលោក Khemmarin Hassini បើប្រតិបត្តិការរបស់អាជ្ញាធរថៃនៅតែបន្តធ្វើឡើង នោះ ក្ដីសង្ឃឹមនៅតែមាន ដោយជនរងគ្រោះ ៣៤០នាក់ អាចនឹងត្រូវបានកំណត់អត្តសញ្ញាណ ទោះបីជាសាច់ញាតិ មួយចំនួនយល់ថាវាមិនអាចទៅរួចក៏ដោយ៕