(បរទេស)៖ ក្រុមហ៊ុន Boeing ទើបតែបានបង្ហាញវត្តមានយាន Starliner ដែលនឹងត្រូវនាំយកអវកាសយានិកឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
យានអវកាសខាងលើនឹងត្រូវសាកល្បងសមត្ថភាព ក្នុងការធ្វើតេស្តហោះហើរ ដោយផ្ទុកមនុស្សជាលើកទីមួយហៅថា Crew Flight Test។ អវកាសយានិករបស់ Boeing ផ្ទាល់គឺលោក Chris Ferguson ព្រមទាំងអវកាសយានិកពីរនាក់ នៃទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោកស្រី Nicole Aunapu Mann និងលោក Mike Fincke នឹងចូលរួមការធ្វើតេស្តនោះ ដែលទំនងជានឹងកើតឡើង នៅខ្ទង់ពាក់កណ្តាលឆ្នាំ២០២០។
គួរជម្រាបថា ក្នុងសប្តាហ៍នេះយាន Starliner មួយគ្រឿងកំពុងត្រៀមខ្លួន សម្រាប់ការហោះហើរសាកល្បងជាលើកដំបូង ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ ការធ្វើតេស្តនេះមានឈ្មោះថា Orbital Flight Test និងពុំមានផ្ទុកមនុស្សឡើយ ហើយនឹងត្រូវធ្វើឡើងនៅសុក្រសប្តាហ៍នេះ។ យានមួយនេះនឹងចូលចតនៅស្ថានីយ ISS រយៈពេល ១សប្តាហ៍ ហើយត្រឡប់ចុះមកផែនដីវិញនៅថ្ងៃទី២៨ ខែធ្នូ។
គម្រោងអភិវឌ្ឍយាន Starliner របស់ក្រុមហ៊ុន Boeing ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួនពីរ មួយទៀតគឺ SpaceX ដែលអង្គការ NASA បានផ្តល់កិច្ចសន្យាសម្រាប់ការផលិតយានអវកាស ដើម្បីនាំយកអវកាសយានិករបស់ខ្លួនឡើងទៅ និងចុះមកពីស្ថានីយអវកាសអន្តរជាតិ ខណៈជាច្រើនឆ្នាំកន្លងមកនេះ NASA បានពឹងផ្អែកលើរ៉ុក្កែត និងយានអវកាសរបស់រុស្ស៊ី ដើម្បីដឹកជញ្ជូនក្រុមអវកាសយានិកប៉ុណ្ណោះ៕