(ញូដេលី)៖ បាតុកម្មតវ៉ាដ៏ហិង្សាបានផ្ទុះឡើងស្ទើរតែទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យម្សិលមិញ ជុំវិញការធ្វើវិសោធនកម្មលើច្បាប់សញ្ជាតិថ្មីមួយ ដែលក្រុមអ្នករិះគន់កំពុងព្រួយបារម្ភថា អាចនឹងក្លាយជាការលុបបំបាត់ សហគមន៍ម៉ូស្លីមភាគតិចនៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាតុកម្មតវ៉ាបានផ្ទុះឡើង នៅតាមសាកលវិទ្យាល័យជាច្រើនទូទាំងប្រទេស ក្នុងនោះមានដូចជានៅទីក្រុង ហ៊ីដែរ៉ាបាដ (Hyderabad), វ៉ារ៉ាណាស៊ី (Varanasi) និងរដ្ឋធានីញូដេលី (New Delhi) ខណៈមានការបង្ហោះវីដេអូលើបណ្ដាញទំនាក់ទំនងជាបន្តបន្ទាប់ បង្ហាញពីប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នៅឯសាកលវិទ្យាល័យ ម៉ូស្លីមអាលីហ្គាហ៍ (Aligarh Muslim University) នៃរដ្ឋយូតតាប្រាដែស (Uttar Pradesh)។
ចំណែកនៅរដ្ឋដេលី (Delhi) ឯណោះវិញ ក្រុមនិស្សិតបានចាប់ផ្ដើមធ្វើបាតុកម្មតវ៉ា នៅសាកលវិទ្យាល័យ ហ្សាមៀ មីលៀ អ៊ីស្មាលៀ (Jamia Milia Islamia university) ដោយមានមនុស្សចូលរួម ២,០០០នាក់ ហើយក្នុងការតវ៉ានេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៣៥នាក់ និង ៦០នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែងនៅព្រឹកថ្ងៃចន្ទនេះ។ បន្ថែមពីលើនេះ ប៉ូលិសឥណ្ឌាផ្ទាល់ក៏បានបញ្ជាក់ដែរថា បាតុកម្មដែលផ្ទុះទៅជាអំពើហិង្សនៅរដ្ឋអាស្សាម (Assam) ក្នុងរយៈពេលជាង ០៥ថ្ងៃមកនេះបានផ្ដាច់ជីវិតមនុស្ស ០៥នាក់។
គួរបញ្ជាក់ថា កំហឹង និងបាតុកម្មតវ៉ាដ៏ហិង្សានៅឥណ្ឌា កើតមានឡើងបន្ទាប់ពីវិសោធនកម្ម សេចក្ដីព្រាងច្បាប់សញ្ជាតិ ដែលត្រូវបានចុះឱ្យក្លាយទៅជាច្បាប់កាលពីសប្ដាហ៍មុន។ ច្បាប់នេះគឺមានគោលដៅផ្ដល់សញ្ជាតិដល់ជនជាតិដើមភាគតិចកាន់សាសនា ហិណ្ឌូ ស៊ីគ (Sikhs), ព្រះពុទ្ធ, ហ្សេនស៍ (Jains), ផាស៊ីស (Parsis) និងគ្រិស្ត (Christians) មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដែលមកដល់ប្រទេសឥណ្ឌាមុនឆ្នាំ២០១៥ លើកលែងអ្នកកាន់សាសនាអ៊ីស្លាម។
ដូច្នេះហើយទើបក្រុមអ្នករិះគន់បារម្ភថា ច្បាប់នេះអាចក្លាយជាការលុបបំបាត់សហគមន៍ម៉ូស្លីមភាគតិច នៅពេលអនាគត។ ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានទាត់ចោលការចោទប្រកាន់ ពីការលំអៀងផ្នែកសាសនា៕