(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលក់ប្រេងដែលលួចពីក្នុងប្រទេសលោក ឲ្យទៅតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
លោក Assad បាននិយាយថា អាមេរិកលក់ប្រេងបានមកពីតំបន់ប្រេងដែលពួកគេដណ្តើមកាន់កាប់ក្នុងប្រទេសស៊ីរី ឲ្យទៅប្រទេសតួកគី ហើយសូម្បីតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានគូសបញ្ជាក់ដែរថា ទោះលោកសម្រេចដកកងទ័ពចេញពីភាគខាងជើង ស៊ីរីក៏ដោយ លោកនឹងរក្សាវត្តមានកងទ័ពមួយចំនួនឲ្យនៅស៊ីរី ដើម្បីចាំការពារតំបន់ប្រេង ខណៈដែលពួកវាមិនមែនស្ថិតក្រោមកម្មសិទ្ធិ របស់សហរដ្ឋអាមេរិកផងនោះ។
កាលពីចុងខែតុលា ឆ្នាំ២០១៩នេះ យោធារុស្ស៊ីបានបញ្ចេញរបាយការណ៍លម្អិតមួយ ស្តីពីសកម្មភាពលួចលក់ប្រេងរបស់អាមេរិកនៅក្នុង ប្រទេសស៊ីរី ដោយយោងទៅលើទិន្នន័យតាមដានពីផ្កាយរណប។ បើតាមការទម្លាយឲ្យដឹងក្នុងរបាយការណ៍នោះ ក្រសួងការពារជាតិ និង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ជាដើម បានព្រមព្រៀងចូលរួមក្នុងសកម្មភាពលក់ប្រេងជាមួយពួកឃើដ និងក្រុមហ៊ុនប្រេងរបស់ អាមេរិក ហើយជាលទ្ធផលគឺទទួលបានប្រាក់ចំណេញក្នុងមួយខែៗជាង៣០លានដុល្លារ។
គួរជម្រាបថា កាលពីឆ្នាំ២០១១ សមត្ថភាពផលិតប្រេងរបស់ប្រទេសស៊ីរីស្មើនឹង៣៧៥,០០០បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែវាបានធ្លាក់ចុះយ៉ាងឆាប់ រហ័សតាំងតែពីសង្រ្គាមស៊ីវិលបានផ្ទុះឡើងនាពេលនោះ។ ក្រោយមក ស្ថានការណ៍កាន់តែអាក្រក់ថែមទៀត នៅពេលក្រុមភេរវករ ISIS បានចូល កាន់កាប់តំបន់មួយផ្នែកនៅភាគខាងកើតស៊ីរី ដែលសម្បូរទៅដោយធនធានប្រេងរបស់ស៊ីរី ហើយប្រើប្រាស់លុយបានមកពីការលក់ប្រេងដើម្បីបម្រើដល់ យុទ្ធនាការរបស់ពួកគេ៕