(ហ្សេរុយសាឡឹម)៖ កូនប្រុសប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro គឺលោក Eduardo បាននិយាយថាឱពុករបស់ខ្លួន នឹងរើ ស្ថានទូតប្រេស៊ីលក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម តាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
ថ្លែងនៅឯពិធីបើកបេសកកម្មពាណិជ្ជកម្មប្រេស៊ីល នៅទីក្រុងហេ្សរុយសាឡឹម កាលពីថ្ងៃអាទិត្យ លោក Eduardo បានគូសបញ្ជាក់ដូច្នេះថា៖ «ដូចដែលឪពុករបស់ខ្ញុំបាននិយាយ ស្ថានទូតប្រេស៊ីលក្នុងប្រទេសអ៊ីស្រាអែល នឹងត្រូវរើទៅកាន់ ទីក្រុងហ្សេរុយសាឡឹម ហើយការរើនេះគ្មានអ្វីចម្លែកនោះទេ តែវាជារឿងធម្មតាតែប៉ុណ្ណោះ»។ ដោយឡែក ក្រោយបានលឺការ លើកឡើងរបស់លោក Eduardo លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ក៏បានអះអាងដែរថាអ៊ីស្រាអែល គ្មានមិត្តណា ល្អជាងប្រជាជន និងរដ្ឋាភិបាលប្រេស៊ីលឡើយ។
គួរបញ្ជាក់ថា លោក Jair Bolsonaro ធ្លាប់បានសន្យាកំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថា លោកនឹងរើស្ថានទូតប្រេស៊ីល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម។ ប៉ុន្តែ មកទល់នឹងពេលនេះ លោកមិនទាន់ធ្វើតាមការសន្យានេះទេ បន្ទាប់ពីលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការរើស្ថានទូតអាមេរិកពីទីក្រុង តែល អាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ។ នៅលើក្រដាស ទីក្រុងហ្សេរុយសាឡឹម ត្រូវបាន អន្តរជាតិ ចាត់ទុកថាជារដ្ឋធានីអន្តរជាតិ តែតាមការពិតទីក្រុងមួយនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល៕