Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ «លោកស្រី Pelosi ប្រឹងនិយាយស្ទើរជ្រុះធ្មេញពីមាត់ ពេលធ្វើសន្និសីទសារព័ត៌មាន»

16-12-2019 12:56

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តបង្ហោះសារចំអកឲ្យលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធាន ឲសភាតំណាងរាស្រ្តអាមេរិក ស្របពេលដែលរូបលោកបានទទួលរងការចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធនីតិវិធីទម្លាក់ចេញពីអំណាច។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានលើកឡើងបែបចំអកដាក់លោកស្រី Pelosi ថា ធ្មេញលោកស្រីស្ទើរតែជ្រុះចេញពីមាត់ កំឡុងពេលដែលលោកស្រីធ្វើសន្និសីទសារព័ត៌មានមួយ កាលពីប៉ុន្មានថ្ងៃមុន ដោយក្នុងនោះលោកស្រី Pelosi បានថ្លែងពាក់ព័ន្ធដំណើរការ នៃនីតិវិធីទម្លាក់លោក ត្រាំ ចេញពីតំណែង។ ការបង្ហោះសារចំអករបស់លោក ត្រាំ គឺសំដៅឆ្លើយតបទៅលើឃ្លីបវីដេអូមួយ នៃការធ្វើសន្និសីទសារព័ត៌មានរបស់លោកស្រី Pelosi ដែលបានផ្តល់ការបកស្រាយចំពោះសំណួរថា តើហេតុអ្វីបានជាពុំមានការចោទប្រកាន់ជាផ្លូវការ ពីអំពើពុករលួយ ខណៈរូបលោកស្រីផ្ទាល់ធ្លាប់បានអះអាងថា នឹងចោទប្រកាន់បែបនេះលើលោក ត្រាំ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះលោក ត្រាំ ក៏បានបង្ហោះសារឌឺដងដាក់លោកស្រី Pelosi កំឡុងសន្និសីទកាសែតមួយផ្សេងទៀតរបស់លោកស្រីផងដែរ។ លោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ចាប់ផ្តើមការស៊ើបអង្កេត ដើម្បីទម្លាក់រូបលោកចេញពីអំណាច កាលពីខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីមានការបែកធ្លាយកិច្ចសន្ទនារវាងលោក និងប្រធានាធិបតីអ៊ុយក្រែន។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោក ត្រាំ បានជាប់សង្ស័យថា បានព្យាយាម ប្រើប្រាស់អំណោចដាក់សម្ពាធមេដឹកនាំបរទេស ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន៕