(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក (Incirlik) ដែលប្រើប្រាស់ដោយកងទ័ពអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
លោក Erdogan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងសំខាន់បំផុតសម្រាប់ភាគីទាំងពីរនោះគឺ សហរដ្ឋអាមេរិកមិនគួរចាត់វិធានការណាមួយ ដែលមិនអាចត្រឡប់បកក្រោយវិញបាននោះទេ... តែបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី នោះយើងនឹងបិទមូលដ្ឋានទ័ពអាកាស Incirlik និង ឃើរែស៊ីក (Kurecik) ដែលកំពុងប្រើប្រាស់ដោយកងទ័ពអាមេរិក»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) ក៏ធ្លាប់បានព្រមានផងដែរពីបិទមូលដ្ឋានទ័ពអាកាស Incirlik និងស្ថានីយរ៉ាដា ឃើរែស៊ីក (Kurecik) ក្នុងករណីទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងតួកគី។ ម្យ៉ាងវិញទៀតការព្រមាននេះទៀតសោត ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មតួកគី៕