(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានបណ្ដាឱ្យមនុស្ស ០៣នាក់ហើយបាត់ជីវិត និងមនុស្សជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនដួលរលំ និងមានមនុស្សកំពុងជាប់ខ្លួនក្នុងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៨រ៉ិចទ័របានវាយប្រហារលើតំបន់ក្បែរទីក្រុង ដាវ៉ៅ (Davao) នៃកោះមិនដាណាវ ហើយវាក៏ជាលើកទី ៥ ផងដែរគិតចាប់តាំងពីខែតុលា។ គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅ ចំងាយ ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុង Davao។
អាជ្ញាធរហ្វីលីពីនបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះទៀតថា ក្រុមសង្គ្រោះកំពុងតែព្យាយាម គាស់កកាយហាងលក់ទំនិញបាក់រលំមួយ នៅក្នុងក្រុងផាដាដា (Padada) នៃកោះមិនដាណាវ ដោយសង្ស័យថាមនុស្សចំនួន ០៥នាក់កំពុងជាប់ខ្លួននៅក្រោមនោះ ប៉ុន្តែក្តីសង្ឃឹមថាពួកគេអាចនៅរស់នោះ គឺមានតិចតួចបំផុត។
គួរបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន និងក្រុមគ្រួសារក៏ស្ថិតនៅក្នុងទីក្រុងដាវ៉ៅ នៅពេលគ្រោះរញ្ជួយដីខាងលើនេះកើតឡើងផងដែរ ប៉ុន្តែលោកមិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ខណៈតំបន់ដែលក្រុមគ្រួសារលោកស្ថិតនៅ គឺមានចម្ងាយ ៦១គីឡូម៉ែត្រពីចំណុចរំញ័រ៕