(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសចិនសុទ្ធតែបានបង្ហាញចេញនូវ​សញ្ញាវិជ្ជមានដូចៗគ្នានៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីឈានទៅរកការបន្ធូរបន្ថយ សង្គ្រាមពាណិជ្ជកម្មរវាងគ្នាយ៉ាងពិតប្រាកដ មានដូចជាការសន្យារបស់ចិន ក្នុងការទិញទំនិញបន្ថែមពីអាមេរិក និងការដកកម្មវិធីដំឡើងពន្ធបន្ថែម លើទំនិញរបស់ចិនពីសំណាក់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។

សេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងបានព្រមព្រៀងទៅលើកិច្ចព្រមព្រៀងដ៏ធំមួយនៅតំណាក់កាលទី ១ ជាមួយនឹងប្រទេសចិន»។ មន្ត្រីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់បន្តទៀតថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងអាចកើតឡើងនៅខែមករា ឆ្នាំ២០២០ ដើម្បីធ្វើការចុះហត្ថលេខាសម្រេចលើកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ត្រីចិនបានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ដែលត្រូវបានពិភាក្សាគ្នារវាងមន្ត្រីអាមេរិក និងចិននោះត្រូវបានភាគីទាំងពីរសម្រេចជាថ្មីថា នឹងចុះហត្ថលេខាយកជាផ្លូវការតែម្តង នៅដើមឆ្នាំ២០២០ ដោយក្នុងនោះសហរដ្ឋអាមេរិកសន្យាមិនដំឡើងពន្ធបន្ថែមលើទំនិញចិន និងដកការរឹតត្បិតមួយចំនួនទៀត ហើយចិនវិញសន្យាបង្កើនការទិញទំនិញកសិកម្ម​ពីអាមេរិក ៥០ពាន់លានដុល្លារ ដែលច្រើនជាងកាលពីឆ្នាំ២០១៧ រហូតដល់ទៅ ២ដង៕