(ប្រេស៊ីល)៖ អត្រានៃការបាត់បង់ព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា ឆ្នាំនេះ បានកើនឡើងខ្លាំងលើស១០០ភាគរយ ធៀបនឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមរបាយការណ៍បឋមរបស់ទីភ្នាក់ងាររដ្ឋាភិបាលប្រេស៊ីល។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងខែវិច្ឆិកាកន្លងទៅនេះ ការបាត់បង់ព្រៃអាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុតនៅលើលោក មានទំហំសរុប៥៦៣គីឡូម៉ែត្រក្រឡា ដែលជាអត្រាកើនឡើងដល់ទៅ១០៣ភាគរយ ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៨។ ទិន្នន័យនេះបានមកពីទីភ្នាក់ងារស្រាវជ្រាវ INPE នៃរដ្ឋាភិបាលប្រេស៊ីល។ ប្រការនេះធ្វើឲ្យទំហំនៃការបាត់បង់ព្រៃអាម៉ាហ្សូននៅប្រេស៊ីល កាលពីចន្លោះខែមករានិងខែវិច្ឆិកា ឆ្នាំ២០១៩នេះ កើនដល់៨,៩៣៤គីឡូម៉ែត្រក្រឡា។ ទំហំនេះគឺ៨៣ភាគរយច្រើនជាងកាលពីអំឡុងពេលដូចគ្នានៅឆ្នាំ២០១៨ ហើយស្ទើរតែស្មើទំហំនៃដែនដី Puerto Rico របស់សហរដ្ឋអាមេរិក។
គួរជម្រាបថា កាលពីប៉ុន្មានខែកន្លងទៅនេះ ព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល ក៏បានទទួលរងការឆាបឆេះធ្ងន់ធ្ងរផងដែរ និងបង្កឲ្យអន្តរជាតិមានក្តីព្រួយបារម្ភជាខ្លាំង។ ក្រុមអ្នកស្រាវជ្រាវនិងអង្គការគាំពារបរិស្ថានបានបន្ទោសលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលជំរុញឲ្យមានការអភិវឌ្ឍនៅតំបន់ព្រៃអាម៉ាហ្សូន។ ប៉ុន្តែ លោក Bolsonaro និងរដ្ឋមន្រ្តីបរិស្ថានរបស់លោក បានលើកឡើងថា រដ្ឋាភិបាលអាណត្តិមុនឯណោះទេ ដែលបានដើរតួនាទីក្នុងការធ្វើឲ្យកើនឡើងអត្រាបាត់បង់ព្រៃអាម៉ាហ្សូន ព្រោះលោកទើបតែបានឡើងកាន់តំណែងនៅដើមឆ្នាំនេះប៉ុណ្ណោះ៕