Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នូវែលសេឡង់៖ ក្រុមអ្នកមុជទឹកកំពុងស្វែងរកសាកសពពីរនាក់ នៅជុំវិញកោះភ្នំភ្លើងដែលបានផ្ទុះកាលពីថ្ងៃចន្ទ (Photo inside)

14-12-2019 16:49

(វ៉ាលីងតោន)៖ ទោះបីជាចំនួនមនុស្សស្លាប់ត្រូវបានអាជ្ញាធរនូវែលសេឡង់កំណត់ថា មានចំនួនសរុប ១៦នាក់ក៏ដោយ ប៉ុន្តែសាកសពពីរនាក់ គឺមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ក្រោយពីភ្នំភ្លើងលើកោះ White Island ភាគខាងជើងប្រទេស បានផ្ទុះកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។

ស្នងការរងនៃស្ថាប័នប៉ូលិសជាតិនូវែលសេឡង់លោក ចន ធីមស៍ (John Tims) ដែលបាននិងកំពុងដឹកនាំបេសកកម្មស្វែងរកសាកសព នៅជុំវិញតំបន់ភ្នំភ្លើងខាងលើនេះបានបញ្ជាក់ថា ស្ថានភាពនៅជុំវិញនោះពិតជាពិបាក ខុសប្លែកពីអ្វីដែលបានជួបប្រទះកន្លងមក។ ក្រុមអ្នកមុជទឹកបានចាប់ផ្តើមចុះទៅតំបន់ទឹកសមុទ្រ ដែលមានជម្រៅរាក់ៗសិន ដើម្បីស្វែងរកសាកសពចំនួន ០២នាក់ ព្រោះតាមការពិនិត្យពីលើឧទ្ធម្ភាគចក្រ ទៅលើដីកោះនៃតំបន់ភ្នំភ្លើងនោះ គឺគេពុំបានឃើញសាកសពនោះឡើយ។

គួរបញ្ជាក់ថា ក្រោយពីភ្នំភ្លើងផ្ទុះនៅដើមសប្តាហ៍នេះ ក្រុមសង្គ្រោះក៏បានប្រទះឃើញ សាកសពមួយអណ្តែតទឹក​ផងដែរ ប៉ុន្តែដោយសារតែស្ថានភាពលំបាក និងកាលៈទេសៈបង្ខំ ទើបពួកគេមិនអាចធ្វើការស្រង់យកបាន។ ដោយឡែកនាយករដ្ឋមន្ត្រីនូវែលសេឡង់​លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានកំណត់យកម៉ោង ២៖១០នាទីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ឲ្យប្រជាជនទូទាំងប្រទេសនូវែលសេឡង់ ធ្វើការស្មឹងស្មាតរយៈពេល «១នាទី» ដើម្បីគោរពវិញ្ញាក្ខន្ធជនរងគ្រោះទាំងអស់៕