(ដូហា, កាតា)៖ ក្រុមអ្នកជំនាញបាននិយាយថា ក្រោយធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជាង៨ឆ្នាំមកនេះ ស្ថានភាព បច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី បានដើរដល់តំណាក់កាល «គ្មានសង្រ្គាម, គ្មានសនិ្តភាព»។ សង្រ្គាមស៊ីរី បានផ្ទុះឡើង កាលពីឆ្នាំ២០១១ បន្ទាប់ពីរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់អាសាដ ប្រើប្រាស់កម្លាំងបាយបង្រ្កាបលើក្រុមបាតុករ ដែលទាមទារសេរីភាពបន្ថែម និងកាលានុវត្តភាពសេដ្ឋកិច្ច។ ប៉ុន្តែ សព្វថ្ងៃ បើទោះជាកងកម្លាំងរដ្ឋាភិបាល លោក អាសាដ គឺជា អ្នកទទួលបានជ័យជម្នះក្នុងសង្រ្គាមនេះក៏ដោយ ក៏សន្តិភាព និងការបង្រួបបង្រួមឯកភាពជាតិនៃប្រជាជនស៊ីរី នៅមិនទាន់ត្រូវ បានស្ដារឡើងវិញនោះទេ។
*គ្មានសង្រ្គាម, គ្មានសនិ្តភាព
យោងតាមលោកស្រី Randa Slim ជាមន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថានមជ្ឈិបូព៌ា ឬ Middle East Institute មានមូលដ្ឋាននៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី រដ្ឋាភិបាលស៊ីរី គឺជាអ្នកទទួលបានជ័យជម្នះក្នុងសង្រ្គាមជិត៨ឆ្នាំមកនេះ និងកំពុងគ្រប់គ្រងទឹកដីស៊ីរី ស្ទើតែទាំងស្រុង ដោយមានការគំាទ្រយ៉ាងខ្លាំងពីរុស្ស៊ី និងអ៊ីរ៉ង់ ខណៈសហគមន៍អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបាត់បង់តួនាទីសំខាន់ក្នុងការបញ្ចប់សង្គ្រាម។ តែព្រមពេលជាមួយគ្នា ថ្លែងនៅឯសន្និសីទនៃវេទិកា Doha Forum នៅប្រទេសកាតា នៅសប្ដាហ៍នេះ លោកស្រី ក៏បានបញ្ជាក់ដែរថាស្ថានភាពស៊ីរីបច្ចុប្បន្ន គឺគ្មានសង្រ្គាម ហើយក៏គ្មានសន្តិភាព។
ការលើកឡើងបែបនេះរបស់លោកស្រី Randa Slim ធ្វើឡើងស្របពេលសង្រ្គាមស៊ីរី ត្រូវបានគេមើលឃើញថាក្លាយជាចំណុច កណ្ដាលនៃការប្រជែងឥទ្ធិពល និងអំណាចគ្រប់គ្រងតំបន់មជ្ឈិមរវាងមហាអំណាចដូចជា សហរដ្ឋអាមេរិក អឺរ៉ុប រុស្ស៊ី តួកគី អ៊ីរ៉ង់ និងអ៊ីស្រាអែល រួមទាំងសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ជាក់ស្ដែង ប្រទេសទាំងនេះនាំគ្នាគំាទ្រគូបដិបក្ខនៅស៊ីរី រៀងៗខ្លួន ដោយអាមេរិក និងអឺរ៉ុប គាំទ្រក្រុមឧទ្ទាមស៊ីរី ហើយរុស្ស៊ី និងអ៊ីរ៉ង់ គាំទ្ររដ្ឋាភិបាលលោក បាស្សា អាល់អាសាដ រីឯតួកគីក៏មានកងកម្លាំងសម្ព័ន្ធមិត្តរបស់នៅស៊ីរីផងដែរ ខណៈអ៊ីស្រាអែលវិញ តែងតែងដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយមានគោលដៅលើកកម្លាំង និងមូលដ្ឋានយោធាអ៊ីរ៉ង់ នៅស៊ីរី។
គួរបញ្ជាក់ថា លោក Jeffery Feltman ដែលជាអតីតមន្ត្រីក្រសួងការពារជាតិអាមេរិក និងអង្គកាសហប្រជាជាតិ ក៏ធ្លាប់បាន លើកឡើងដូចគ្នាទៅនឹងលោកស្រី Randa Slim ដែរថាបើស្ថានភាពស្មុគស្មាញបច្ចុប្បន្នមិនមានការប្រែប្រួល ស៊ីរីនឹងបន្តស្ថិត ក្រោមស្ថានភាពគ្មានសង្រ្គាម, គ្មានសន្តិភាព ហើយការឯកភាពជាតិនៃប្រជាជនស៊ីរី រឹតតែពិបាកស្ដារឡើងវិញទៅទៀត៕
ប្រភព៖ Al Jazeera (ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩)