(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅមុខនេះបន្តិចថា ការធ្វើតេស្តដ៏សំខាន់មួយទើបតែត្រូវបានសម្រេចចេញ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) នៃភាគពាយ័ព្យប្រទេស។ នេះបើតាមការដកស្រង់ព័ត៌មានដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។
ទោះបីជាកូរ៉េខាងជើងមិនបានបង្ហើបថា ការធ្វើតេស្តនោះជាអ្វីឲ្យប្រាកដក៏ដោយ ប៉ុន្តែប្រការនេះបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ព្រោះមួយរយៈចុងក្រោយនេះកម្តៅបាននិង កំពុងកើនឡើងវិញក្រោយកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានព្រមានគ្នាទៅវិញទៅមក ចំពោះសកម្មភាពបង្កហេតុនៅមុនថ្ងៃបុណ្យណូអែល ដែលនឹងមកដល់នៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
បើតាម KCNA ការធ្វើតេស្តបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ២២៖៤១នាទី ដល់ម៉ោង ២២៖៤៨យប់ថ្ងៃសុក្រ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ហើយវាត្រូវបានបញ្ជាផ្ទាល់ដោយគណៈកម្មាធិការមជ្ឈិម នៃបក្សកាន់អំណាចកូរ៉េខាងជើងតែម្តង។ សេចក្តីថ្លែងការណ៍ពីកូរ៉េខាងជើងបានបង្ហើបថា ការធ្វើតេស្តលើនេះនឹងជួយពង្រឹងយុទ្ធសាស្ត្រ ទប់ទល់សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានចាប់ផ្តើម ផ្លោងសម្តីដាក់គ្នាទៅវិញទៅមកជាថ្មី ក្រោយពីការលេចលឺព័ត៌មានថា លោក គីម ជុងអ៊ុន គ្រោងបាញ់តេស្តគ្រាប់មីស៊ីល ដើម្បីជាកាដូជូនសហរដ្ឋអាមេរិកក្នុងថ្ងៃបុណ្យណូអែល ប៉ុន្តែសហរដ្ឋអាមេរិកបានព្រមានតបទៅវិញថា កូរ៉េខាងជើងនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើហ៊ានបង្កហេតុផ្តេសផ្តាសនៅថ្ងៃខាងមុខនេះ៕