(ម៉ូស្គូ)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាសពីការដកកងទ័ពអាមេរិក ៤,០០០នាក់ ចេញពីប្រទេស អាហ្វហ្គានីស្ថាន នៅសប្ដាហ៍ក្រោយនេះ ខណៈកិច្ចចរចារស្វែងរកសន្តិភាពរវាងអាមេរិក និងក្រុមតាលីបង់ កំពុងចាប់ផ្ដើមឡើងវិញជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។
សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។ មន្ត្រីរូបនេះដដែល បានបញ្ជាក់ទៀតថា ក្រោយការដកកងទ័ព ៤,០០០នាក់ កងទ័ពអាមេរិកចន្លោះពី ៨,០០០ ដល់៩,០០០នាក់ នឹងបន្តឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយការដកកងទ័ពនេះទៀតសោតអាចនឹងត្រូវធ្វើឡើង ជាដំណាក់កាលក្នុងរយៈពេលជាច្រើនខែ។
គួរបញ្ជាក់ថា ខាងសេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ CNN នៅឡើយទេ តែលោក ដូណាល់ ត្រាំផ្ទាល់ ធ្លាប់បានអះអាងជាច្រើនលើកថាមានបំណងដកកងទ័ពអាមេរិកជាច្រើនពាន់នាក់ចេញពីអាហ្វហ្គានីស្ថាន ជាទីដែលកងទ័ពអាមេរិកចន្លោះពី១២,០០០នាក់ ដល់១៣,០០០នាក់ កំពុងឈរជើងជួយរដ្ឋាភិបាលទីក្រុងកាប៊ុល ប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងសង្រ្គាមរុំារ៉ៃអស់រយៈពេលជាង១៨ឆ្នាំមកនេះ៕