(ប៉ារីស)៖ មនុស្សចំណាស់ពីរនាក់បានស្លាប់ ហើយផ្ទះរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែគ្រោះទឹកជំនន់ និងខ្យល់បក់ខ្លាំង ដែលបង្កឡើងដោយខ្យល់ព្យុះ នៅនិរតីប្រទេសបារាំង កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ បើតាមការចេញ ផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។
យោងតាម AFP បុរសចំណាស់ទាំងពីរនាក់ខាងលើ ម្នាក់មានអាយុ៧០ឆ្នាំ បានស្លាប់ដោយសារដើមឈើបាក់សង្កត់ នៅឯ តំបន់ ពីរ៉េណេ អាត្លង់ទិច (Pyrenees-Atlantique) និងម្នាក់ទៀត អាយុ៧៦ឆ្នាំ បានបាត់បង់ជីវិត ក្រោយទឹកគួចយកទៅបាត់ នៅតំបន់ ឡូ អេ ហ្គារ៉ន ( Lot-et-Garonne)។ បន្ថែមពីលើនេះ មនុស្ស៥នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ ដោយសារដើមឈើបាក់សង្កត់រថយន្ដរបស់ពួកគេ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរបារាំង ផ្ទះ៤០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់កាលពីរសៀល ថ្ងៃសៅរ៍ ហើយ១៥,០០០ខ្នង នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់រហូតដល់ល្ងាចថ្ងៃដដែល ខណៈអ្នកបច្ចេកទេស២,០០០នាក់ កំពុងដោះស្រាយបញ្ហានេះ ស្របពេលកម្ពស់ទឹកកើនជិត ២.៧ម៉ែត្រ នៅតាមតំបន់ខ្លះ៕