(សេអ៊ូល)៖ ប្រធានអគ្គសេនាធិការយោធាកូរ៉េខាងជើង លោក Pak Jong Chon បានព្រមានសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ រាល់សកម្មភាពបង្ករឿងជាមួយទីក្រុងព្យុងយ៉ាង បើសិនជាទីក្រុងវ៉ាស៊ីនតោន ចង់ឆ្លងថ្ងៃចូលឆ្នាំថ្មីដោយសន្តិភាព។ នេះបើតាម ការដកស្រង់ការផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ការព្រមានជាថ្មីរបស់លោក Pak Jong Chon ធ្វើឡើងតាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ បើតាម KCNA លោក Pak ក៏បានបញ្ជាក់ដែរថា ការធ្វើតេស្ដដ៏សំខាន់ចំនួន២លើកនាពេលថ្មីៗនេះ របស់ទីក្រុងព្យុងយ៉ាង គឺជាការអភិវឌ្ឍបចេ្ចកវិទ្យាការពារជាតិ ដែលមានគោលដៅទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ ជាយថាហេតុណាមួយ ពីសំណាក់សហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រមុខយោធាកូរ៉េខាងជើងរូបនេះ មិនបានបញ្ជាក់អ្វីលម្អិតពីការធ្វើតេស្ដទាំងនេះនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ កូរ៉េខាងជើងបានអះអាងថាខ្លួនបានធ្វើតេស្ដដ៏សំខាន់មួយជាលើកទី២ នៅឯទីតាំង បាញ់បង្ហោះគ្រាប់រ៉ុក្កែត សូហេ (Sohae) នៃភាគពាយ័ព្យប្រទេស ខណៈក្រុមអ្នកជំនាញមួយចំនួនសន្និដ្ឋានថានេះគឺជាការ ត្រៀមលក្ខណៈបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM។ លោក គីម ជុងអ៊ុន បានទុកពេលវេលាឱ្យលោក ដូណាល់ ត្រាំ នៅ ត្រឹមចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែម និងស្ដារឡើងវិញនៅកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរ បើពុំដូច្នោះទេ កូរ៉េខាងជើង នឹងចាត់វិធានឆ្លើយតប។ ប៉ុន្តែ លោកត្រាំ ក៏បានព្រមានតបដែរថាទីក្រុងព្យុងយ៉ាង នឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង បើហ៊ានធ្វើតេស្ដមីស៊ីល ICBM ឬអាវុធនុយក្លេអ៊ែរ៕