(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនិងសាធារណរដ្ឋឆែក ទើបតែចុះកិច្ចព្រមព្រៀងទំហំ៦៣៥លានដុល្លារ ស្តីពីការលក់ឧទ្ធម្ភាគចក្រ យោធាចំនួន១២គ្រឿងរបស់អាមេរិកឲ្យទៅឆែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នាយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងខាងលើដែលស្តីពីការលក់ឧទ្ធម្ភាគចក្រយោធាធុន UH-1Y Venom ចំនួន០៨គ្រឿង និងឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-1Z Viper ចំនួន០៤គ្រឿង ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper និងរដ្ឋមន្រ្តីការពារជាតិ របស់សាធារណរដ្ឋឆែក លោក Lubomir Metnar។ លោក Metnar បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាលឆែកក្នុងការទិញ ឧទ្ធម្ភាគចក្រយោធាទាំង១២គ្រឿងពីសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាកន្លងទៅ។

គួរជម្រាបថា យោងតាមប្រមុខការពារជាតិឆែករូបនេះ កងទ័ពឆែកនឹងទទួលបានឧទ្ធម្ភាគចក្រយោធាទាំង១២គ្រឿងពីអាមេរិកនៅ មុនដំណាច់ឆ្នាំ២០២៣។ លោក Metnar ក៏បានបញ្ជាក់ដែរថា យោធាឆែកមានបំណងចង់ប្រើឧទ្ធម្ភាគចក្រថ្មីជំនួសឧទ្ធម្ភាគចក្រធុន Mi-24/35 ប្រមាណ១៧គ្រឿងដែលបានទិញពីរុស្ស៊ី ដ្បិតខ្លួនលែងចង់ពឹងផ្អែកលើការផ្គត់ផ្គង់គ្រឿងបន្លាស់ពីរុស្ស៊ីទៀតហើយ។ ពាក់ ព័ន្ធកិច្ចព្រមព្រៀងនេះ លោក Esper បានលើកឡើងថា វាបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់សាធារណរដ្ឋឆែកចំពោះអង្គការ NATO និងជាការបោះជំហានធំមួយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕