(កាលីហ្វរញ៉ា)៖ តំបន់ឆ្នេរភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ពេលនេះត្រូវបានគ្របដណ្តប់ដោយ ពពួកសត្វសមុទ្រម្យ៉ាងដែលគេហៅថា ជន្លេនយក្ស ឬអ្នករស់ក្នុងតំបន់នោះដាក់រហស្សនាមថា ត្រីលិង្គ (penis fish) ដោយសារតែរូបរាងរបស់វា មើលទៅស្រដៀងលិង្គមនុស្សប្រុសដូច្នោះឯង។ ការបង្ហាញវត្តមានដ៏ច្រើនរបស់ពួកវានេះ ត្រូវបានមន្ត្រីក្នុងតំបន់អះអាងថា ដោយសារតែប៉ុន្មានថ្ងៃមកនេះមានខ្យល់បោកបក់ខ្លាំង និងបង្កជារលកធំៗដែលរុញច្រានពួកវា មកទើលើឆ្នេរខ្សាច់ពេញតែម្តង។

ពពួកជន្លេនយក្ស Innkeeper worms ឬត្រីលិង្គ (penis fish) តែងតែបង្ហាញខ្លួនទៅតាមរដូវរបស់វា ប៉ុន្តែដោយសារតែមានខ្យល់បោកបក់ខ្លាំង និងរលកធំៗលើផ្ទៃសមុទ្រ ទើបពួកវាជាច្រើនក្បាលអណ្តែតមកទើលើឆ្នេរ ហើយគ្របដណ្តប់ពេញលើវាលខ្សាច់តែម្តង។ ត្រីប្រភេទនេះគឺជាអាហារដ៏និយមមួយផងដែរ នៅប្រទេសកូរ៉េខាងត្បូងដែលត្រូវបានគេហៅជាភាសាកូរ៉េថា ហ្គែបាល់ (gaebul)។

គួរបញ្ជាក់ថា penis fish ត្រូវបានក្រុមអ្នកស្រាវជ្រាវគណនាថា មានវត្តមានលើភពផែនដីនេះជាង ៣០០លានឆ្នាំមកហើយ ដោយពួកវាមួយក្បាលអាចមានអាយុរហូតដល់ ២៥ឆ្នាំឯណោះ។ ពួកវារស់នៅក្នុងសមុទ្រដែលមានទឹកត្រជាក់ ហើយស៊ីបាក់តេរី និងពពួកប្លង់តុងជាអាហារ៕

ប្រភព៖ Sputnik (ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩)