(ប៉ារីស)៖ ប្រតិបតិ្តការមួយរបស់ប៉ូលិសបារាំង កំពុងធ្វើឡើងនៅក្នុងសង្កាត់ហិរញ្ញវត្ថុ ឡា ដេហ្វង់ស៍ (La Défense) នៃទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះ បន្ទាប់ពីបុរសម្នាក់គំរាមសម្លាប់ប៉ូលិស០៣នាក់ ជាមួយកាំបិតនៅក្នុងដៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ទីស្នាក់ការប៉ូលិសទីក្រុងប៉ារីសបានឱ្យដឹងថា បុរសជាខ្មាន់កាំបិតត្រូវបានបង្រ្កាបហើយ។ ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បន្ទាប់ពីស្នើឱ្យបុរសរូបនេះទម្លាក់កំាបិតចុះ ប៉ូលិសបានដកកាំភ្លើងបាញ់ ០៥គ្រាប់ ហើយខ្មាន់កាំបិតក៏បានរងរបួស ដោយសារការបាញ់របស់ប៉ូលិសដែរ។ ទោះបីជាបែបនេះក្តី ជនសង្ស័យនៅមានជីវិតនៅឡើយ រីឯមូលហេតុនៃហេតុការណ៍នេះ និងអត្តសញ្ញាណមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈខ្មាន់កាំបិតបានស្រែកដាក់ប៉ូលិសថា គាត់ចង់សម្លាប់ពួកគេ៕>>