(សិង្ហបុរី)៖ អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនស៊េរីចាស់ៗ ក្នុងពេលឆាប់ៗនេះនឹងមិនអាចប្រើប្រាស់កម្មវិធី WhatsApp បានតទៅទៀតនោះឡើយ បន្ទាប់ពីក្រុមហ៊ុនជ្រកក្រោមដំបូល Facebook មួយនេះបានប្រកាសថា នឹងបញ្ឈប់ការគាំទ្រសម្រាប់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទស៊េរីចាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមក្រុមហ៊ុន WhatsApp ការគាំទ្រដំណើរការ ឬ Support សម្រាប់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃ Windows Phone នឹងត្រូវបញ្ឈប់ ក្រោយដំណាច់ឆ្នាំ២០១៩ ខាងមុខនេះ ខណៈប្រព័ន្ធប្រតិបត្តិការ Android និង iOS លើទូរស័ព្ទស៊េរីចាស់មួយចំនួនអាចប្រើប្រាស់កម្មវិធី WhatsApp រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្អាកនេះក៏ព្រោះកម្មវិធី WhatsApp ស៊េរីថ្មីមិនត្រូវបានអភិវឌ្ឍដើម្បីឲ្យវាអាចដំណើរការ លើទូរស័ព្ទមានប្រព័ន្ធដំណើរការចាស់ៗទាំងនោះតទៅទៀតឡើយ។
គួរជម្រាបថា បើតាមក្រុមហ៊ុន WhatsApp ដែលជាបុត្រសម្ប័ន្ធរបស់ក្រុមហ៊ុន Facebook ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដែលអាចបន្តប្រើប្រាស់ WhatsApp មានដូចជា Android OS 4.0.3 ឡើងទៅ, iPhone គឺចាប់ពី iOS 9 ឡើង និងទូរស័ព្ទដៃប្រតិបត្តិការប្រព័ន្ធ KaiOS ចាប់ពីជំនាន់ 2.5.1 ឡើងទៅ ក្នុងនោះរួមមាន JioPhone និង JioPhone 2 ផងដែរ។ ចំណែកឯប្រព័ន្ធប្រតិបត្តិការមានកំណែប្រែលើ Andriod ជំនាន់ 2.3.7 ព្រមទាំង iPhone ជំនាន់ iOS 8 និងស៊េរីចាស់ៗអាចបន្តប្រើប្រាស់ WhatsApp រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕