(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃសុក្រនេះបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ចេញសកម្មភាពបង្ករឿង និងដាក់សម្ពាធលើចិនជាបន្តបន្ទាប់ ដែលទង្វើនេះបាននិងកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថា បន្ទាប់ពីការរៀបចំសន្និសីទប្រចាំឆ្នាំមួយនៅឯទីក្រុងប៉េកាំង។ លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានប្រើប្រាស់ឆាកអន្តរជាតិ ដើម្បីវាយប្រហារលើប្រព័ន្ធដឹកនាំសង្គម ជំហាននៃការអភិវឌ្ឍ និងទំនាក់ទំនងនានារបស់ចិន ដែលតែងផ្ដល់ផលចំណេញឱ្យគ្នា ទៅវិញទៅមកជាមួយបណ្ដាប្រទេសដទៃ ហើយអាមេរិកក៏បានចោទប្រកាន់មិនត្រឹមត្រូវ មកលើចិនថែមទៀត។ ការធ្វើបែបនេះបាននិងកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ»។
គួរជម្រាបថា ការលើកឡើងរបស់លោក វ៉ាង យី ធ្វើឡើងចំពេលមានសេចក្ដីរាយការណ៍មួយថា អាមេរិកកំពុងតែស្វះស្វែងបន្ថែមទៀត ដើម្បីអនុម័តច្បាប់ការពារសិទ្ធិមនុស្សក្នុងន័យគាបសង្កត់លើចិន ក្រោយពីបានធ្វើការចោទប្រកាន់ចិនថា បានធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិច នៅតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិកដដែលទើបតែអនុម័តច្បាប់ ដើម្បីការពារសិទ្ធិសេរីភាពនៃទីក្រុងហុងកុង ដែលជាទឹកដីរបស់ចិននោះ៕