(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខសាទរជ័យជម្នះរបស់គណបក្សនាយករដ្ឋមន្រ្តី អង់គ្លេស លោក Boris Johnson ដោយថាវាគឺជាជ័យជម្នះយ៉ាងធំមួយរបស់លោក Johnson និងថែមទាំងបានសន្យាថានឹងសម្រេចកិច្ចព្រមពៀងពាណិជ្ជកម្មថ្មី ហើយធំ មួយរវាង ប្រទេសទាំងពីរ ក្រោយចក្រភពអង់គ្លេសចេញផុតពីសហភាពអឺរ៉ុប (EU)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Insider នៅរសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមលទ្ធផលបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គណបក្សអភិរក្សនិយមទទួលបានសំឡេងគំាទ្រ ៣២៦ក្នុងចំណោមអសនៈសរុប៦៥០នៃសភាជាន់ទាប ហើយនេះមានន័យថាពួកគេមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប។ លទ្ធផលចុងក្រោយ ត្រូវគេរំពឹងថា គណបក្សរបស់លោក Johnson នឹងទទួលបានជិត៣៧០អសនៈឯណោះ។
នាឱកាសនេះ លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោក Johnson។ លោក ត្រាំ បានលើកឡើងដូច្នេះថា «អបអរសាទរលោក Boris Johnson សម្រាប់ជ័យជម្នះដ៏ធំរបស់លោក។ នាពេលខាងក្រោយ អាមេរិក និងចក្រភពអង់គ្លេស នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំថ្មីមួយជាមួយគ្នា ក្រោយដំណើរការដកខ្លួនចេញពីសហភាពអឺរ៉ុប (Brexit) ទីបំផុតបញ្ចប់ទៅជាស្ថាពរ»។ លោក ត្រាំ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ នឹងមានសក្តានុពលធំធេងឆ្ងាយជាង កិច្ចព្រមព្រៀងនានា ដែលចក្រភពអង់គ្លេសអាចសម្រេចបានជាមួយ EU។
គួរបញ្ជាក់ថា តាមរយៈជ័យជម្នះខាងលើ លោក Boris Johnson ត្រូវបានគេរំពឹងថានឹងផ្ដល់សច្ចាប័នភ្លាមៗលើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំចក្រភពអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្របពេលគណបក្សពលករ ដែលជាគូប្រជែងទទួលបានសំឡេងគាំទ្រ២០៣អសនៈតែប៉ុណ្ណោះ៕