(ឡុងដ៍)៖ គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ទទួលបានជ័យជម្នះហើយ ក្នុង សំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលនេះនឹងអនុញ្ញាតឱ្យលោកត្រឡប់មកកាន់អំណាចសាជាថ្មីជាមួយសំឡេងគាំទ្រ ភាគច្រើនលើស លប់ ដើម្បីនាំចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមលទ្ធផលបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃព្រហស្បតិ៍ គណបក្សអភិរក្សនិយមទទួលបានសំឡេងគំាទ្រ ៣២៦ក្នុងចំណោមអសនៈសរុប៦៥០ នៃសភាជាន់ទាប ហើយនេះមានន័យថាពួកគេមានសំឡេងគ្រប់គ្រាន់ក្នុងការ បោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលបានចុះហត្ថលេខាជាមួយ សហភាពអឺរ៉ុប។ ថ្លែងទៅកាន់អ្នកគាំទ្រក្រោយទទួលបានជ័យជម្នះ លោក Johnson បានលើកឡើងដូច្នេះថា៖« ខ្ញុំគិតថា នេះគឺជាការបោះឆ្នោតជាប្រវត្តិសាស្ត្រ ដែលនឹងអនុញ្ញាតឱ្យយើងបង្កើតរដ្ឋាភិបាលថ្មី ជាមួយឱកាសដើម្បីគោរពតាមឆន្ទៈ ប្រជាធិបតេយ្យរបស់ប្រជាជនអង់គ្លេស»។
គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ លោក Boris Johnson ត្រូវបានគេរំពឹងថានឹងផ្ដល់សច្ចាប័នភ្លាមៗ លើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្របពេលគណបក្សពលករទទួលបានសំឡេងគាំទ្រ២០៣អសនៈតែប៉ុណ្ណោះ៕