(បរទេស)៖ បន្ទាប់ពីមានការអះអាងថា ប្រហោងខ្មៅមានទំហំធំស្ទើរមិនគួរឲ្យជឿ ត្រូវបានប្រទះឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រចិននោះ ការសិក្សាស្រាវជ្រាវថ្មីពីស្ថាប័នអន្តរជាតិចំនួន ៣ បានលើកឡើងថា ការប្រទះឃើញនោះតាមពិតគឺមិនត្រឹមត្រូវឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space នៅរសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបនៅប្រទេសចិន ប្រហោងខ្មៅ (Black Hole) ដ៏ធំមួយត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ដែលវានឹងសមមានវត្តមានទៅរួចឡើយ។ ប្រហោងខ្មៅនោះមានឈ្មោះថា LB-1 ស្ថិតនៅចម្ងាយ ១៥,០០០ឆ្នាំពន្លឺពីផែនដី ត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា មានម៉ាស ៧០ដងច្រើនជាងព្រះអាទិត្យ។
ជាទូទៅអ្នកវិទ្យាសាស្រ្តជឿថាប្រហោងខ្មៅមាន ០២ប្រភេទ ខណៈប្រហោងខ្មៅដែលសម្បូរជាងគេគឺប្រភេទ Stellar Mass Black Hole ដែលមានទំហំ ឬម៉ាសច្រើនជាងព្រះអាទិត្យមិនលើសពី ២០ដងនោះឡើយ។ ប្រហោងខ្មៅប្រភេទនេះបានចាប់កំណើតឡើង នៅពេលពពួកផ្កាយធំៗអស់អាយុជីវិត (ផ្ទុះ ឬ Super Nova)។ ដោយឡែកប្រហោងខ្មៅមួយប្រភេទទៀត គឺពពួកប្រហោងខ្មៅយក្ស Supermassive Black Hole ដែលយ៉ាងហោចណាស់ ក៏មានម៉ាសធំជាងព្រះអាទិត្យ ១លានដងឡើងទៅដែរ ហើយប្រភពនៃការចាប់កំណើតរបស់ពួកវា មិនទាន់ត្រូវបានគេដឹងច្បាស់ឡើយ។
គួរជម្រាបថា យោងតាមលទ្ធផលនៃការសិក្សាថ្មីចំនួនបី ដែលបានវិភាគទៅលើការប្រទះឃើញប្រហោងខ្មៅ LB-1 បានបង្ហាញថា តាមពិត LB-1 ទំនងជាប្រហោងខ្មៅធម្មតា គឺ Stellar Mass Black Hole ដែលមានម៉ាសចន្លោះ ៥-២០ដង នៃម៉ាសរបស់ព្រះអាទិត្យប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ប្រហែលជាទិន្នន័យដែលទទួលបានពីតេឡេស្កូប LAMOST នៅក្នុងប្រទេសចិន ត្រូវបានយកមកគណនាខុស៕