(កង់បេរ៉ា)៖ កាសែត Stars and Stripes បានចេញផ្សាយក្នុងសប្តាហ៍នេះថា ក្រសួងការពារជាតិអូស្ត្រាលីកំពុងតែពិចារណា ក្នុងការចំណាយថវិការហូតដល់ ៧១៥លានដុល្លារអាមេរិក ដើម្បីបង្កើនសក្តានុពលនៃមូលដ្ឋានទ័ពជើងទឹក ស្ថិតនៅដែនដីភាគខាងជើងរបស់ខ្លួន ហើយវាក៏នឹងអនុញ្ញាតឲ្យ នាវាចម្បាំងសហរដ្ឋអាមេរិក ចូលមកសំចតនៅទីនេះបន្ថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ជុំវិញសេចក្តីរាយការណ៍ ដែលត្រូវបានដកស្រង់ពីចេញពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី មិនបានបញ្ចេញឈ្មោះខាងលើនេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) ក៏ធ្លាប់បានបង្ហើបម្តងរួចមកហើយដែរកាលពីឆ្នាំ២០១៨។ នៅក្នុងគំរោងទឹកប្រាក់ដែលនឹងត្រូវចំណាយទាំងអស់នោះ ៤៩៥លានដុល្លារនឹងត្រូវប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពមូលដ្ឋានទ័ពជើងទឹក ឡារ៉ាខេយ៉ាហ៍ (Larrakeyah) ព្រមទាំងកសាងកំពង់ផែថ្មីប្រវែង ២៥០ម៉ែត្រ ដើម្បីឲ្យនាវាដឹកឧទ្ធម្ភាគចក្រ LHS អាចចូលមកសំចតបាន។

ដោយឡែកទឹកប្រាក់ប្រមាណ ២២៣លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍ និងថែរក្សាមូលដ្ឋានទ័ពខាងលើនេះ ជាប្រចាំរហូតដល់ទៅរយៈពេល ២៥ឆ្នាំ ខណៈគំរោងអភិវឌ្ឍមូលដ្ឋានទ័ពភាគខាងជើង នឹងត្រូវសម្រេចឲ្យបាននៅឆ្នាំ២០២៣។ មូលដ្ឋានទ័ពភាគខាងជើងត្រូវបានគេចាត់ទុកថា ជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលផ្សាភ្ជាប់ផ្លូវទឹកពីអូស្ត្រាលីទៅចិន និងសមុទ្រចិនខាងត្បូង ព្រមទាំងទៅកាន់មហាសមុទ្រឥណ្ឌាផងដែរ៕

.