(វ៉ាស៊ីនតោន)៖ សេតវិមានបានយល់ព្រមផ្អាក ក៏ដូចជាកាត់បន្ថយការដំឡើងពន្ធលើទំនិញមួយចំនួនរបស់ចិន ជាថ្នូរនឹងការសន្យាថា ចិននឹងបង្កើនការទិញផលិតផលកសិកម្មរបស់អាមេរិក ចាប់ពីឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមប្រភពដែលបានដឹងលឺ អំពីស្ថានភាពនៃកិច្ចចរចាពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង សហរដ្ឋអាមេរិកនឹងផ្អាកគម្រោងយកពន្ធលើទំនិញចិនទំហំ ១៦០ពាន់លានដុល្លារ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ហើយកាត់បន្ថយការដំឡើងពន្ធ ដែលត្រូវបានដាក់ចេញនាពេលកន្លងមក។ ប្រភពដដែលបានបញ្ជាក់ថា ខាងអាមេរិកត្រូវបានស្នើឲ្យកាត់បន្ថយពាក់កណ្តាល នូវការដំឡើងពន្ធលើទំនិញចិន ព្រមទាំងផ្អាកគម្រោងដំឡើងពន្ធថ្មីថែមទៀត ដែលនឹងត្រូវអនុវត្តនៅថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីព្យាយាមឆ្ពោះទៅរកការសម្រេចកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដែលត្រូវបានសន្យាកាលពីខែតុលា រវាងមន្ត្រីតំណាងជាន់ខ្ពស់នៃភាគីទាំងសងខាង។

គួរជម្រាបថា ជាការតបស្នងត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញនោះ ចិនបានយល់ព្រមទិញផលិតផលកសិកម្មអាមេរិកក្នុងទំហំ ៥០ពាន់លានដុល្លារដែលធ្វើឡើងនៅឆ្នាំ២០២០ ដែលនេះជាចំនួនពីរដងច្រើនជាងឆ្នាំ២០១៧ មុនពេលសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើង។
កាលពីឆ្នាំ២០១៧ ចិនបានទិញផលិតផលកម្មសិកម្មពីអាមេរិកទំហំ ២៤ពាន់លានដុល្លារ បើតាមរបាយការណ៍ក្រសួងការកសិកម្មអាមេរិក។ យ៉ាងណាមិញ សេតវិមានពុំបានបញ្ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ ពាក់ព័ន្ធដំណឹងខាងលើនោះឡើយ ដែលប្រការនេះបានបង្កឲ្យមានការសង្ស័យថា វាពិតជាត្រូវបានព្រមព្រៀងគ្នាដោយភាគីទាំងពីរដែរ ឬយ៉ាងណា។

កាលពីថ្ងៃទី១១ ខែតុលា កំឡុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមានជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ស្តីពីបញ្ហាខ្លះៗ រួមមានទាំងការទិញផលិតផលកសិកម្មអាមេរិកទំហំ ៤០-៥០ពាន់លានដុល្លារដោយប្រទេសចិន។ ប៉ុន្តែរដ្ឋាភិបាលចិនផ្ទាល់វិញ បានបង្ហាញភាពស្ទាក់ស្ទើរ ក្នុងការទិញផលិតផលកសិកម្មអាមេរិកក្នុងទំហំនេះ ព្រមទាំងក្នុងចន្លោះពេលជាក់លាក់ណាមួយ ព្រោះចិនចង់ទិញដោយផ្អែកទៅ តាមតម្រូវការទីផ្សារ ហើយកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ដែលលោក ត្រាំ ពេញចិត្តនោះ គឺមិនទាន់ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅឡើយទេ រហូតមកទល់ពេលនេះ៕