នូវែលសេឡង់៖ សាកសព៦នាក់ត្រូវបានដឹកចេញពីតំបន់ភ្នំភ្លើង, ចំនួនមនុស្សស្លាប់សរុបគឺ១៦នាក់ (Video inside)
13-12-2019 10:06
(នូវែលសេឡង់)៖ សាកសពមនុស្ស ០៦នាក់ ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រនៅថ្ងៃសុក្រនេះ ចេញពីកោះភ្នំភ្លើង White Island (កោះពណ៌ស) នៅក្នុងប្រទេសនូវែលសេឡង់ ហើយសាកសពទាំងនេះគឺស្ថិតនៅក្នុងចំណោមមនុស្សបាត់ខ្លួន ០៨នាក់ដែលគេជឿជាក់ថា បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ឧទ្ធម្ភាគចក្រយោធាពីរគ្រឿង បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន វ៉ាកាតាន់ (Whakatane) ឆ្ពោះទៅកាន់កោះភ្នំភ្លើង White Island ជាទីដែលភ្នំភ្លើងនេះបានផ្ទុះយ៉ាងក្រើកកាលពីថ្ងៃចន្ទ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៦នាក់។ ពោលគឺមនុស្ស ០៨នាក់ ក៏ត្រូវបានគេសន្មត់ថា បានស្លាប់ផងដែរកាលពីថ្ងៃព្រហស្បតិ៍ និង ២០នាក់ទៀតកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
ប៉ុន្តែទន្ទឹមគ្នាគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើយោធានូវែលសេឡង់ នឹងធ្វើដំណើរត្រឡប់ទៅយកសាកសពមនុស្ស ០២នាក់ទៀត នៅលើកោះ White Island ដែរឬក៏យ៉ាងណានោះទេ ខណៈអាជ្ញាធរភូមិសាស្ត្រព្រមានថា ៥០-៦០ភាគរយនៃបន្ទុះភ្នំភ្លើង អាចនឹងកើតឡើងជាថ្មីក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះ។