(ឡាអេ)៖ ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានជំរុញឱ្យចៅក្រមនៃតុលាការអង្គការសហប្រជាជាតិ (UN) ទម្លាក់ចោលនូវសំណុំរឿងចោទប្រកាន់ប្រទេសរបស់លោកស្រី ពីបទប្រល័យពូជសាសន៍លើជនជាតិជាដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ តែទន្ទឹមគ្នាលោកស្រីក៏បានព្រមានដែរថា វិបត្តិរ៉ូហ៊ីងយ៉ានឹងផ្ទុះឡើងជាថ្មី បើសំណុំរឿងនេះនៅតែបន្តដំណើរការទៅមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ការព្រមានរបស់លោកស្រី អោងសាន ស៊ូជី ដូចខាងលើ ធ្វើឡើងកំឡុងផ្ដល់សក្ខីកម្មចុងក្រោយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីបានចូលរួមសវនាការស្ដាប់ រយៈពេលបីថ្ងៃនៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ មេដឹកនាំមីយ៉ាន់ម៉ាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការអនុញ្ញាតឱ្យបណ្ដឹងរបស់ប្រទេសហ្គាំប៊ីប្រឆាំងមីយ៉ាន់ម៉ា ពីបទប្រល័យពូជសាសន៍ ដំណើរការទៅមុខតទៅទៀត អាចនឹងបង្កឱ្យជម្លោះរ៉ូហ៊ីងយ៉ាផ្ទុះឡើងជាថ្មី ក៏ដូចជាបំផ្លាញដល់ការផ្សះផ្សាជាតិ»។
លោកស្រី ស៊ូជី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ការបញ្ចប់ជម្លោះនៅក្នុងប្រទេស គឺជារឿងមួយដ៏សំខាន់សម្រាប់មីយ៉ាន់ម៉ា ប៉ុន្តែវារឹតតែសំខាន់ជាងនេះទៅទៀត នោះគឺធ្វើយ៉ាងណាកុំឱ្យជម្លោះប្រដាប់អាវុធឆ្នាំ២០១៦-២០១៧ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងនៃប្រទេសផ្ទុះឡើងជាថ្មី»។
គួរបញ្ជាក់ថា ការបង្ហាញខ្លួនរបស់លោកស្រីស៊ូជីនៅតុលាការ ICJ កើតមានឡើងក្រោយប្រទេសហ្គាំប៊ី បានដាក់ពាក្យបណ្ដឹងប្ដឹងមីយ៉ាន់ម៉ាថា បានរំលោភលើអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ របស់អង្គការសហប្រជាជាតិ ជុំវិញការបង្រ្កាបលើជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine កាលពីឆ្នាំ២០១៧ ដោយបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងជាង ៧០០,០០០នាក់រត់ភៀសខ្លួទៅកាន់ប្រទេសបង់ក្លាដែស។ ប៉ុន្តែលោកស្រី បានទាត់ចោលរាល់ការចោទប្រកាន់ ហើយមិនតែប៉ុណ្ណោះនៅចំពោះមុខ ICJ លោកស្រីបង្ហាញផងដែរនូវរូបភាព អំពីការប្រកួតកីឡាបាលទាត់នាពេលថ្មីៗនេះ នៅក្នុងតំបន់រងគ្រោះដោយសារតែអំពើហិង្សាកាលពីឆ្នាំ២០១៧ ជាមួយការបញ្ជាក់ថា នេះគឺជាភស្ដតាងអំពីសន្តិភាព ដែលកំពុងត្រូវបានស្ដារឡើងវិញ៕