(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថានឹងផ្ដល់ជំនួយ ក្នុងករណីចាំបាច់ដល់ប្រជាជនហុងកុង ដែលរត់មកកាន់ដែនដីរបស់ខ្លួន ខណៈមានការព្រួយបារម្ភថាទីក្រុងតៃប៉ិ នឹងមិនផ្ដល់កិច្ចការពារផ្នែកច្បាប់ដល់ពួកគេឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។
លោក Chiu Chui-cheng ជាអនុប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោកនៃកោះតៃវ៉ាន់ ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពី បានជួបជាមួយប្រតិភូនិស្សិតហុងកុងមួយក្រុម។ ថ្លែងនាឱកាសនោះ លោក Chiu បានគូសបញ្ជាក់ដូច្នេះថា៖« យើងដឹងថា និស្សិតទាំងនេះមានការព្រួយបារម្ភពីមនុស្សមួយចំនួនដែលអាចស្នាក់នៅកោះតៃវ៉ាន់ និងកំពុងស្វែងរកជំនួយជាមួយក្ដីរំពឹង ថាពួកគេអាចនឹងទទួលបានជំនួយជាវិជ្ជមាន...យើងយល់ពីស្ថានភាពនេះ។ ដូច្នេះ យើងនឹងផ្ដល់ជំនួយដល់ពួកគេ បើសិន ជាចាំបាច់»។
តែទោះជាយ៉ាងនេះក្ដី តៃវ៉ាន់បច្ចុប្បន្ន មិនមានច្បាប់ស្ដីពីជនអន្តោប្រវេសន៍ ដែលអាចអនុវត្តលើបាតុករក្រុងហុងកុង ដែល ស្វែងរកសិទ្ធិជ្រកកោននៅលើដែនកោះមួយនេះនោះទេ៕