(បរទេស)៖ ក្នុងអត្ថបទមួយចុះផ្សាយដោយទស្សនាវដ្តីអាមេរិក National Interest នាថ្ងៃពុធសប្តាហ៍នេះ អ្នកជំនាញផ្នែកវិស័យការពារជាតិ លោកខាល មីហ្សូកាមិ (Kyle Mizokami) បានលើកឡើងនូវកងទ័ពជើងនៃប្រទេសចំនួន ០៥ ដែលមានអានុភាពជាងគេបំផុតលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។
១. សហរដ្ឋអាមេរិក៖ បើតាមលោក Mizokami វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ដែលទ័ពជើងទឹកអាមេរិកឈរនៅលេខរៀងទីមួយ ដ្បិតយោធាជើងទឹករបស់សហរដ្ឋអាមេរិក មាននាវាចម្បាំងច្រើនជាងប្រទេសណាៗទាំងអស់ ហើយធ្វើប្រតិបត្តិការនៅតាមតំបន់ជាច្រើន ជុំវិញពិភពលោកថែមទៀត។
សរុបមកកងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងសរុប ២៨៨គ្រឿង ក្នុងនោះរួមមានទាំងនាវាដឹកយន្តហោះចម្បាំង ១០គ្រឿង, នាវាចម្បាំងប្រភេទផ្ទុកយោធា និងគ្រឿងសព្វាវុធ (Amphibious Assault Ships) ៩គ្រឿង, នាវាចម្បាំងប្រភេទ Cruiser ចំនួន ២២គ្រឿង, នាវាចម្បាំងប្រភេទ Destroyer ៦២គ្រឿង, នាវាចម្បាំងប្រភេទ Frigate ១៧គ្រឿង និងនាវាមុជទឹក ៧២គ្រឿង។
រីឯកម្លាំងទ័ព និងបុគ្គលិកបម្រើការនៅកងទ័ពជើងទឹកអាមេរិក ក៏មានទំហំច្រើនជាងគេផងដែរ គឺសរុបជាង ៤សែននាក់ ហើយកងទ័ពជើងទឹកអាមេរិកក៏មានយន្តហោះយោធា ប្រមាណ ៣,៧០០គ្រឿងថែមទៀត ដែលចំនួននេះគឺចាញ់តែទំហំរបស់កងទ័ពអាកាសអាមេរិកផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែលើសប្រទេសនានា។
២. ចិន៖ លេខរៀងទី ២ វិញគឺបានទៅលើចិន បើទោះបីជាមហាយក្សនៅអាស៊ីមួយនេះ ទើបតែបានពង្រីកសមត្ថភាពនៃកងកម្លាំងយោធាខ្លួន នៅរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក៏ដោយ។ បើតាមលោក Mizokami អំឡុង ៣០ឆ្នាំកន្លងមកនេះ កងទ័ពជើងទឹកចិនបានអភិវឌ្ឍន៍ ខ្លួនទៅជាកងកម្លាំងទ័ពជើង ដែលមានអានុភាពដ៏ខ្លាំងក្លាមួយនៅលើពិភពលោក។
លោក Mizokami បានភ្ជាប់ភាពរីកចម្រើនឆាប់រហ័ស នៃសមត្ថភាពយោធាជើងទឹកចិន ទៅនឹងកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសចិន។ បច្ចុប្បន្នកងទ័ពជើងទឹកចិន មាននាវាដឹកយន្តហោះចម្បាំង ២គ្រឿង (១ស្ថិតក្នុងការសាកល្បង), នាវាចម្បាំង Destroyer ចំនួន ២៥គ្រឿង, នាវាចម្បាំង Frigate ៤២គ្រឿង, នាវាមុជទឹកប្រយុទ្ធ ០៨គ្រឿង និងនាវាមុជទឹកធម្មតាចំនួន ០៥គ្រឿងបូករួមជាមួយកងទ័ពជើងទឹក ១៣៣,០០០នាក់។ លោក Mizokami បានគូសបញ្ជាក់ថា អានុភាពរបស់កងទ័ពចិននឹងបន្តរីកចម្រើនកាន់តែខ្លាំង និងឆាប់រហ័សថែមទៀតនៅថ្ងៃអនាគត។
៣. រុស្ស៊ី៖ ឈរនៅលេខរៀងទី ០៣ គឺកងទ័ពជើងទឹករបស់រុស្ស៊ី ដែលមាននាវាចម្បាំងសរុប ៧៩គ្រឿងក្នុងរួមមានទាំង នាវាដឹកយន្តហោះចម្បាំង ០១គ្រឿង, នាវាចម្បាំង Cruiser ចំនួន ០៥គ្រឿង, នាវាចម្បាំងពិតឃាត (Destroyer) ចំនួន ១៣គ្រឿង និងនាវាមុជទឹក ៥២គ្រឿង។ លោក Mizokami បានធ្វើ ការកត់សម្គាល់ជាពិសេសចំពោះកងទ័ពជើងទឹករុស្ស៊ី គឺទៅលើសមត្ថភាពនាវាមុជទឹក ដែលអាចបាញ់មីស៊ីលផ្លោងបាលីស្ទិក (បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ)។
៤. ចក្រភពអង់គ្លេស៖ លោក Mizokami បានវាយតម្លៃថា កងទ័ពជើងទឹក ដែលមានអំណាចជាងគេទី ៤ នៅលើពិភពលោកគឺរបស់ ចក្រភពអង់គ្លេស។ សព្វថ្ងៃចក្រភពអង់គ្លេសមាននាវាដឹកឧទ្ធម្ភាគចក្រ (Amphibious Assault Ship) ធំៗចំនួន ០៣គ្រឿង, នាវាចម្បាំង Frigate និង Destroyer ចំនួន ១៩គ្រឿង ព្រមទាំងនាវាមុជទឹកប្រយុទ្ធ ០៧គ្រឿង និងនាវាមុជទឹកដែលអាចបាញ់មីស៊ីលផ្លោងបាលីស្ទិក ០៤គ្រឿង។ កងទ័ពជើងទឹកនៃចក្រភពអង់គ្លេសក៏មានយន្តហោះ ១៤៩គ្រឿងផងដែរ ដែលភាគច្រើនជាឧទ្ធម្ភាគចក្រចម្បាំង។
៥៖ ជប៉ុន៖ បើទោះបីជាជប៉ុនពុំមានយោធាជើងទឹកផ្លូវការក៏ដោយ កងកម្លាំងស្វ័យការពារផ្លូវទឹករបស់ប្រទេសជប៉ុន ត្រូវបានអ្នកជំនាញខាងលើចាត់ថ្នាក់ឲ្យឈរនៅលេខរៀងកំពូលទី ៥ ខណៈប្រទេសនេះមាននាវាសរុបចំនួន ១១៤គ្រឿង។ កម្លាំងនាវាស្នូលរបស់កងស្វ័យការពារ ជប៉ុន គឺនាវាចម្បាំង Destroyer ៤៦គ្រឿង បូកជាមួយនាវាមុជទឹក១៦គ្រឿង៕